(បាងកក)៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា អញ្ជើញចូលរួមពិធីបើក សន្និបាតហាឡាលថៃ លើកទី១០ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាព លោក Wan Muhammad Noor Matha ប្រធានរដ្ឋសភាជាតិថៃ។

សន្និបាតនេះមានរយៈពេល៣ថ្ងៃ និងមានអ្នកចូលរួមប្រមាណ ៥០០នាក់ មកពីបណ្ដាប្រទេសចំនួន៣០ប្រទេសផ្សេងៗគ្នា ក្នុងនោះមានប្រតិភូចំនួន ១៦នាក់ មកពីកម្ពុជា ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។

សន្និបាតនេះមានគោលបំណងក្នុងការជួយពង្រឹងវិស័យផលិផលហាឡាល ដែលជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក ស្ថាប័នហាឡាលថៃចំនួន៣ (មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល នៃសាកលវិទ្យាល័យជុឡាលុងកន (HSC-CU) សហការជាមួយវិទ្យាស្ថានស្តង់ដារហាឡាលថៃ (HSIT) បានរួមគ្នារៀបចំសន្និបាតហាឡាលថៃ ដើម្បីអញ្ជើញស្ថាប័នហាឡាល នៅបណ្តាប្រទេសតំបន់អាស៊ាន និងពិភពលោក មកចែករំលែកបទពិសោធន៍ និងភាពរីកចម្រើនរបស់ខ្លួន។

សន្និបាតហាឡាលថៃឆ្នាំនេះ ក្រោមប្រធានបទគំនិតផ្តួចផ្តើម នៃឌីជីថលហាឡាល ដើម្បីជំរុញទំនុកចិត្តហាឡាល និងមានគោលបំណងធានាថាគុណភាព នៃផលិតផលហាឡាល ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសាងទំនុកចិត្តក្នុងប្រព័ន្ធអេកូហាឡាល ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ប្រកបដោយតម្លាភាព។

សន្និបាតនេះ មានការរៀបចំសន្និសីទចំនួន៣ មានដូចជា ១៖ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រហាឡាលអន្តរជាតិ ឆ្នាំ២០២២ (IHSATEC), ២៖ សន្និសីទធុរកិច្ច វិទ្យាសាស្ត្រ និងឧស្សាហកម្មហាឡាលលើកទី១៦ (HASIB) និង៣៖ សន្និសីទស្តង់ដារ និងវិញ្ញាបនបត្រហាឡាលអន្តរជាតិលើកទី៩ (IHSACC)។

សូមជម្រាបថា ទំហំទីផ្សារនាំចេញផលិតផលហាឡាលពិភពលោកមានចំនួនប្រមាណជាង ៣ទ្រីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២២ ដែលរួមមាន ម្ហូបអាហារ សម្ភារប្រើប្រាស់ គ្រឿងសម្អាង ថ្នាំពេទ្យ។ល ។ ដែលនៅឆ្នាំ២០២៥ខាងមុខ ទំហំទីផ្សារនាំចេញផលិតផលហាឡាលនឹងអាចឡើងដល់ចំនួនប្រមាណជាង ៧ទ្រីលានដុល្លារ។

ម្ហូបអាហារហាឡាលគឺជាចំណាប់អារម្មណ៍របស់អ្នកទទួលទាននៅបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងនៅតំបន់អឺរ៉ុប។ ស្ថាប័នហាឡាលថៃ បានវិវត្តការងារហាឡាលរបស់ខ្លួន ដោយបានប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការស្វែងរក ពិនិត្យផលិផលហាឡាលនៅតាមទីផ្សារ និងតំបន់នានា ដែលបង្កភាពងាយស្រួលដល់អ្នកមានបំណងប្រើប្រាស់ និងអ្នកជំនួញផលិផលហាឡាល៕