(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារ នាំយកអំណោយ និងថវិការមួយចំនួនចុះជួបសួរសុខទុក្ខក្រុមគ្រួសារ និងលោកយាយចាស់ជរាអាយុ១០២ឆ្នាំ ត្រូវជាម្តាយលោក កង សារ៉ន ហៅគក់ នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នលោក កង សារ៉ន ហៅ គក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជេរប្រមាថជាសាធារណ: និងពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រយ៉ាងណាក្តី នេះគឺជារឿងដែលបុគ្គលជាអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប៉ុន្តែដោយឡែកក្រុមគ្រួសារ និងលោកយាយជាម្តាយចាស់ជរាអាយុ១០២ឆ្នាំ ដែលមិនបានចូលរួមគំនិត ឬពាក់ព័ន្ធ គឺត្រូវបានអាជ្ញាធរមូលដ្ឋាន អនុសាខាកាកបាទក្រហមស្រុកម៉ាឡៃ សប្បុរសជននានា និងក្រុមយុវជនស្រលាញ់សន្តិភាព យកចិត្តទុកដាក់ជួយមេីលថែ និងទំនុកបម្រុងគ្រប់បែបយ៉ាង ក្នុងនាមជាមហាគ្រួសារខ្មែរ ដែលកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខឈានឡេីង តាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕