(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុង វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព សាលាប្រជុំរំដួល វេលាម៉ោង ៧៖៣០នាទីព្រឹក។
កម្មវិធី វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នេះគឺរៀបចំឡើងដោយក្រសួងបរិស្ថាន, ដោយក្រសួងក៏បានសូមនិមន្តព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និងកញ្ញា ធី សុវណ្ណថា អតីតជាសកម្មជនដ៏ល្បីមួយរូបរបស់បក្សប្រឆាំង ដែលបច្ចុប្បន្នជាប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» ដើម្បីចូលរួមនៅក្នុងវេទិកានោះផងដែរ។
លិខិតរបស់ក្រសួងបរិស្ថាន ដែលនិមន្តព្រះតេជគុណ ប៊ុត ប៊ុនតិញ និងអញ្ជើញកញ្ញា ធី សុវណ្ណថា គឺធ្វើឡើងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។
សូមជំរាបថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានគេដឹងថា ជាព្រះសង្ឃដែលធ្វើសកម្មភាពគាំទ្រដល់បក្សប្រឆាំង និងវាយប្រហារខ្លាំងៗមករាជរដ្ឋាភិបាលកម្ពុជា, ហើយព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានលេចសកម្មភាពខ្លាំងនៅក្នុងហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នាពេលកន្លងមក៕