(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យ KASEM BUNDIT UNIVERSITY នៅទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញពី សាកលវិទ្យាល័យខាងលើ ក្រោយពីភាគីទាំងបានអញ្ជើញជួបពិភាក្សាការងារនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងគ្នា និងគ្នា ឲ្យកាន់តែរីកចម្រើនស្ថិតស្ថេរជានិរន្ឋ ក៏ដូចជាពង្រឹងស្ថាប័នអប់រំ គុណភាពអប់រំ បណ្តុះធនធានមនុស្សលើលើជំនាញគ្រប់គ្រងរដ្ឋបាល ភាពជាមេដឹកនាំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកទេសវិទ្យាសាស្ត្រហាឡាល។ល។
សាកលវិទ្យាល័យ KASEM BUNDIT UNIVERSITY ដែលមានពីរសាខាក្នុងប្រទេសថៃ និងមាននិស្សិតសរុបជាង ១មុឺននាក់ ទាំងជនជាតិថៃ និងបរទេស ហើយសាកលវិទ្យាល័យនេះ មានបំណងផ្តល់អាហារូបករណ៍កម្រិតឧតុ្តមសិក្សា និងវគ្គបណ្តុះបណ្តាលខ្លីៗ ដល់និស្សិតនិងមន្ត្រីរាជការកម្ពុជា ទាំងសិក្សាផ្ទាល់ និងអនឡាញផងដែរ។
បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាចំនួន ៦៥រូប កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះ មានចាប់ពីថ្នាក់បរិញ្ញាបត្រ ដល់ថ្នាក់បណ្ឌិតលើមុខជំនាញ រួមមានភាសាអង់គ្លេស រដ្ឋបាលសាធារណៈ បច្ចេកវិទ្យា វិស្វករសំណង់ និងផ្សេងៗទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត Vallop Suwandee ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ KASEM BUNDIT University បានសសើរដល់និស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅទីនោះ លើការតស៊ូ ខិតខំប្រឹងប្រែង ឆ្លាត និងគោរពវិន័យសាលា។
លោកបណ្ឌិត Vallop Suwandee ក៏បានកោតសរសេីរដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពិសេសបានយកចិត្តទុកដាក់ខ្ពស់ដល់សាសនិកខ្មែរឥស្លាម និងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាយ៉ាងពិតប្រាកដ។
ដំណើរទស្សនកិច្ចនេះផងដែរ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញចូលរួមសន្និបាតហាឡាលថៃ លើកទី១០ ដែលសន្និសីទនេះ ធ្វើឡើងមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងវិស័យផលិផលហាឡាល ដែលមានស្ថាប័នហាឡាលថៃចំនួន៣ បានរួមគ្នារៀបចំសន្និបាតហាឡាលថៃនេះ និងបានអញ្ជើញស្ថាប័នហាឡាល នៅបណ្តាប្រទេសតំបន់អាស៊ាន និងពិភពលោក មកចែករំលែកបទពិសោធន៍ និងភាពរីកចម្រើនរបស់ខ្លួន៕