(បន្ទាយមានជ័យ)៖ លោក​ឧត្ដមសេនីយ៍​ទោ ​សិទ្ធិ​ ឡោះ​ ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ​ នា​​ថ្ងៃ​ទី​២ ខែ​ធ្នូ ​ឆ្នាំ​២០២៣នេះ បាន​ដឹក​នាំកម្លាំង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ប្រជុំ​ពង្រឹង​អនុវត្ត​ការ​ងារ​ប្រចាំ​ថ្ងៃ​ ជាមួយពី​លោក​ឧត្ដមសេនីយ៍​វរសេនីយ៍ស្នងការរង ​វរសេនីយ៍​ អនុសេនីយ៍ នាយ​ នាយ​រង​ នាយ​ផ្នែក​ ការិយាល័យ​ទាំង៣ចំណុះផែន។

ក្នុង​កិច្ច​​ប្រជុំ​នេះ​ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​បាន​ជំរុញ​ដល់​លោក​ស្នងការរង​ទទួល​ផែន​ពង្រឹង និង​គ្រប់​គ្រង​​​​បញ្ជី​វត្តមានប្រចាំថ្ងៃ ​​ចាប់​ពី​ស្នងការរងដល់មន្ត្រីឱ្យបានល្អ។ ការិយាល័យ​បុគ្គលិក​ ត្រូវ​គ្រប់​គ្រង​ការ​គោរព​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ​លេខ​០០៦​ និង​បង្កើតក្រុម​ការងារ​គ្រប់​គ្រង​រាល់​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ​ និង​អគ្គស្នង​ការ​នគរ​បាល​ជាតិ​បញ្ជូន​មក។

ការិយាល័យ​បណ្តុះបណ្តាល​ ត្រូវរៀប​ចំ​ផែន​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​រៀន​សូត្រ​នៅ​នឹង​កន្លែង និង​ត្រៀម​បន្តបើកវគ្គ​បន្ថែម​ទៀត និង​គ្រប់​គ្រង​បញ្ជី​ឈ្មោះ​មន្ត្រី​នគរបាល​ដែល​បាន​ឆ្លង​វគ្គ​សិក្សា​ក្នុង​និង​ក្រៅ​ប្រទេស។

លោកបានណែនាំដល់ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ត្រូវ​តាម​ដាន​រាល់​ព័ត៌មាន​ និង​តាម​គេហទំព័រ​និង​ផ្សព្វផ្សាយព័ត៌មាន​របស់​កង​កម្លាំង​នគរបាល​ខេត្ត​ដែរ​សម្រេច​បាន។

លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ បានណែនាំ​ដល់​​កង​កម្លាំង​នគរបាល​ក្នុង​ផែន​ធនធាន​មនុស្ស​ ត្រូវ​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​និង​សហការ​ជាមួយ​បណ្ដា​អង្គភាព​ផ្សេងៗ​ចំណុះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​បាន​ស្អិត​ល្មួត​៕