(ឌូបៃ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតីបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំសហការីចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ Mr Winfried Wicklein, Director General of Southeast Asia Department, ADB ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ភាគីទាំង ពីរបានឯកភាពគ្នាលើចំណុច៖

១- បន្តពិភាក្សា ដើម្បីរៀបចំគម្រោងគាំទ្រទៅដល់មូលធនមនុស្សដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ (human resilient) ក្នុងនោះចាប់ផ្តើមពីការយកចិត្តទុកដាក់ទៅលើ សិស្សានុសិស្ស ដោយត្រូវបំពាក់ប្រព័ន្ធចម្រោះទឹកបរិភោគ បំពាក់ធុងទុកដាក់ និងញែកសំរាម ព្រមទាំងដាំដើមឈើ នៅតាមសាលារៀន និងទីកន្លែងសាធារណៈនានាទូទាំងប្រទេស។

២- ប្រើប្រាស់យន្តការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីតម្រង់ទិសការរៀបចំគម្រោង និងវាយតម្លៃការអនុវត្តគម្រោង សំដៅពង្រឹងប្រសិទ្ធភាពគម្រោង និងពង្រីកការចូលរួមពីក្រសួងស្ថាប័ន សំដៅទទួលបាននូវការអភិវឌ្ឍដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

៣- បង្កើតឱកាសកៀរគរ ជំនួយឥតសំណង និងកម្ចីមានការប្រាក់ទាប មកបន្តការអភិវឌ្ឍថាមពលកកើតឡើងវិញ ព្រោះកម្ពុជាបានប្ដេជ្ញាចិត្តបង្កើនថាមពលបៃតងឱ្យដល់ ៧០ភាគរយ។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគីADBបានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅ លើភាពស្អាត ភាពបៃតង និងចីរភាព៕