(ឌូបៃ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់អេមីរ៉េត។

កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈប្រតិភូនៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៧៧ រួមជាមួយនឹងប្រទេសចិន បានពិភាក្សា និងបង្ហាញជំហររួមមួយក្នុងការឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុលើពិភពលោក ដែលមានចំណុចមួយចំនួនដូចខាងក្រោម៖

១- ភាគីទាំងអស់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ យោងតាមព័ត៌មាននៃបរិមាណឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) សកម្មភាពដែលបានធ្វើកន្លងមក មិនអាចទប់ស្កាត់នូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុសបានឡើយ។

២- ជំរុញការកៀរគរមូលនិធិអាកាសធាតុបៃតង ឲ្យបានយ៉ាងតិចណាស់ ១០០ ០០០លានដុល្លារ ក្នុងមួយឆ្នាំ និងមូលនិធិផ្សេងទៀតដូចជា មូលនីធិបន្សាំនឹងអាកាសធាតុ មូលនិធិសម្រាប់ការបាត់បង់ និងខូចខាត (Lose and Damage) ដោយការប្រែប្រួលអាកាសធាតុជាដើម។

៣- បង្កើនការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ព្រមទាំងការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីចូលរួមក្នុងសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

៤- បង្កើនតម្លៃកាបូនឱ្យបានសមរម្យសម្រាប់លើកទឹកចិត្តដល់សកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

៥- ការបង្កើនចំណេះដឹង កសាងសមត្ថភាព និងបង្កើនការផ្លាស់ប្ដូរបច្ចេកវិទ្យាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

៦- ពង្រឹងសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសជាកោះតូចៗ ដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុឱ្យកាន់តែរឹងមាំក្នុងការសាមគ្គីគ្នា ដើម្បីពង្រីកកម្លាំងចរចា ស្វែងរកការគាំទ្រពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដោយមិនទុកចោលអ្នកណាម្នាក់ រងគ្រោះដោយសារតែការបាត់បង់ និងបំផ្លាញ (lose and Damage) ដោយការប្រែប្រួលអាកាសធាតុឡើយ។

កិច្ចប្រជុំកំពូលនេះបានបង្ហាញនូវជំហររួម ដែលស្របទៅនឹងគោលនយោបាយ និងការតាំងចិត្តរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕