(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានជ្រើសរើសយកពហុកីឡដ្ឋាន ស្រុកភ្នំក្រវាញ រៀបចំបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស មកពីអនុវិទ្យាល័យសម្តេចឳ សម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ប្រមាណជាង២០០០នាក់។

លោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូនថា ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅស្រុកភ្នំក្រវាញ មានគ្រឹះស្ថានសិក្សា៦៥សាលា ស្មើនឹង៤០៨ថ្នាក់ សិស្ស៣៧១៤នាក់ បុគ្គលិក៥០៨នាក់ និងគ្រូកិច្ចសន្យា៤៣នាក់។ ចំពោះលទ្ធផលនៃការប្រឡងមធ្យមសិក្សាបឋមភូមិ សិស្សមានឈ្មោះប្រឡង ចំនួន៦៣៤នាក់ សិស្សបានមកប្រឡង៦១០នាក់ សិស្សប្រឡងជាប់៥៨២នាក់ ស្មើនឹង៩៥,៤០% និងមធ្យមសិក្សាទុតិយភូមិ សិស្សមានឈ្មោះប្រឡង ចំនួន៣៥៦នាក់ សិស្សប្រឡងជាប់២៧៩នាក់ ស្មើនឹង៨៧,២៨%ក្នុងនោះទទួលបាននិទ្ទេសA ២នាក់, B ២៣នាក់, C ៥៨នាក់, D ៩៦នាក់, E ១០០នាក់ និងធ្លាក់ចំនួន៧៧នាក់។ ជាមួយគ្នានោះដែរបើយោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ស្ថានភាព និងវឌ្ឍនភាព ក្នុងឆ្នាំសិក្សា២០២២-២០២៣ខេត្តពោធិ៍សាត់មានគ្រឹះស្ថានសិក្សា ៥៥៤កន្លែង ស្មើនឹង៣,៣៦៨ថ្នាក់ សិស្សានុសិស្ស ចំនួន១១៣,០៤៤នាក់ បុគ្គលិក ចំនួន១,៨០៩នាក់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអានសាលិខិត សម្តេចមហាបវរធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត ដោយបានបញ្ចាក់ថា ថ្ងៃទី០១ ខែធ្នូ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីសម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

នេះជាថ្ងៃដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ក្នុងនោះការជំរុញ និងលើកទឹកចិត្ត ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

លោកបានបន្តថា ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះទាំង៤ ខាងលើទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ នៅថ្ងៃនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញនូវ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។

លោកអភិបាលខេត្ត បានបន្តទៀតថា សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ៤ រួមមាន៖ (១) កត្តាសាលារៀន (២) កត្តាគ្រូបង្រៀន (៣) កត្តាសិស្ស និង(៤) កត្តាគ្រួសារ។ ដូច្នេះដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការ ដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ត «ស្តង់ដា សាលារៀនគំរូ» និង«ពានរង្វាន់ សាលាគំរូសម្តេចមហាបវរធិបតី» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤នេះតទៅ។

នៅក្នុងឱកាសនោះដែរ លោក ខូយ រីដា បានឧបត្ថមដល់សាលាស្រុកភ្នំក្រវាញ ថវិកា៣លានរៀល អនុវិទ្យាល័យសម្តេចឳ សម្តេចម៉ែ ថវិកា២លានរៀល និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ថវិកា២លានរៀល និងអញ្ជើញចែកជូនប័ណ្ណសរសើរ និងរង្វាន់ ដល់សិស្សពូកែចាប់ពីលេខ១ ដល់លេខ៥ ចំនួន៨០នាក់ និងប្រគល់ជូនលិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ចំនួន៥១នាក់ នាពេលនោះផងដែរ៕