(ភ្នំពេញ)៖ រាជរដ្ឋរដ្ឋាភិបាលអាណិត្តិទី៧ នៃរដ្ឋសភា បានចាប់ផ្តើមរយៈពេល៣ខែមកហើយ។ កម្ពុជា ពិតជាមោទនភាព និងជំនឿទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបំពេញបេសសកម្មជាប្រវត្តិសាស្រ្ត បម្រើជាតិ មាតុភូមិ និងប្រជាជនប្រកបដោយសុខសន្តិភាព និងវិបុលភាព ដោយភាពសុខដុមរមនា ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យម និងកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ នាវាបរិស្ថាន ក៏បានចេញដំណើរដែរ ក្នុងរយៈពេលមួយរយថ្ងៃដំបូងនៃសកម្មភាពការងាររបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៧ផងដែរ។
ក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់លើកដំបូងលោកបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការកាត់បន្ថយប្លាស្ទិកថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ ដើម្បីភាពស្អាតមិនមានសំណល់ប្លាស្ទិក ដែលសំណល់ប្លាស្ទិកបានបង្ករការគំរាមកំហែងដល់សុខមាលភាពប្រជាពលរដ្ឋ។ យុទ្ធនាការនេះធ្វើឡើងក្រោមពាក្យស្លោក «យើងរួមគ្នាស្អាត ដើម្បីកម្ពុជាស្អាត ជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានដាក់ចេញយុទ្ធនាការដាំ និងស្តារគម្របព្រៃឈើឡើងវិញឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០។ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងវិធានការ ៤ចំនុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លើសពីនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គទូត អង្គការសហប្រជាជាតិ អង្គការដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកសាង ដើម្បីបន្តកសាងភាពជាដៃគូ ប្រកបដោយបរិយាបន្ន និងស័ក្តិសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
ដើម្បីភាពស្អាតគ្មានសំណល់ប្លាស្ទិក រាបប់ចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០២៣មក យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សម្រេចបានការចុះអប់រំ និងផ្សព្វផ្សាយសរុបចំនួន ៩,១៨៣លើក ដែលមានអ្នកចូលរួមសរុបចំនួន ៣,១៨៣,៦៧១អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូចំនួន ១១៧,៦៣៤នាក់ សិស្សានុសិស្សចំនួន ២,៩៧០,១៣៤នាក់ ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋចំនួន ៨៨,៧៧៨នាក់ មកពីសាលារៀនចំនួន ៧,១២៥ សាលា រោងចក្រ សហគ្រាស ប្រជាពលរដ្ឋចំនួន ១៧០កន្លែង សហគមន៍ចំនួន ៦៧កន្លែង និងវត្ដអារាមចំនួន ២៨វត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចំពោះភាពបៃតងវិញ ក្រសួងបរិស្ថាន សម្រេចដាំបានកូនឈើចំនួន ១,២១៤,៣០០ដើម ក្នុងចំណោមខេត្ត ក្រុងចំនួន២៥ ក្នុងនោះមានប្រភេទឈើប្រណិតៗដូចជា ធ្នុង១២១,១០០ដើម បេង ២០៦,១០០ដើម នាងនួន ៧៤,២០០ ក្រញូង ២០៦,៥៥០ដើម ឈើទាល ៩៨,២០០ក្ងោក ១០៨,០៥០ដើម គគី ១២៣,៤៥០ដើម និងប្រភេទឈើផ្សេងៗទៀតចំនួន ២៧៦,៦៥០ដើម។
ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដែលរួមមាន៖
១៖ ជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។
២៖ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ។
៣៖ សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
៤៖ ជំរុញការដាំ ស្តារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម ។
នាវាបរិស្ថានបានចេញដំណើរទៅហើយជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលជាយុទ្ធសាស្រ្តគន្លឺះ និងជាផែនទីចង្អុលបង្ហាញផ្លូវច្បាស់លាស់ និងត្រឹមត្រូវ ដោយបានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយ សក្តានុពលវិស័យបរិស្ថានឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាជារាងរង្វង់ (កងចក្រ) ដោយមានយុទ្ធសាស្រ្តស្នូលនៅចំកណ្តាល និងយុទ្ធសាស្រ្ត៣ទៀតនៅផ្នែកខាងក្រៅ។ យុទ្ធសាស្រ្តស្នូល ផ្តោតសំខាន់លើមុំចំនួន៣ គឺ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តបីទៀត ឱ្យដំណើរការទៅមុខប្រកបដោយភាពស្វាហាប់។
ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តស្នូល ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តគាំទ្រចំនួនបី រួមមាន៖ យុទ្ធសាស្រ្តទី១ ភាពស្អាត បានផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្មមន្ទីរពិសោធន៍ និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំឈើ ជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ សម្រួចអនុលោមភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល៕