(ភ្នំពេញ)៖ លោក អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងបញ្ជាក់ថា ពិព័រណ៍មុខរបរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាផ្នែកមួយក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍពាណិជ្ជកម្ម ដែលជាបេសកម្មដ៏ចម្បងមួយរបស់ក្រសួងពាណិជ្ជកម្ម ហើយព្រឹត្តិការណ៍នេះក៏ជាស្នូរជូងដាស់ស្មារតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេស។

លោក អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសតំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមបើកកម្មវិធីពិព័រណ៍មុខរបរ Startup Expo ២០២៣ ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងដោយមានការចូលរួមពីបណ្តាពាណិជ្ជករ អាជីវករ សិស្ស និងស្សិតជាច្រើនរូបផងដែរ។

លោក អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ បានថ្លែងដូចនេះថា «ការរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ការងារនេះគឺជាផ្នែកដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍពាណិជ្ជកម្ម ដែលជាបេសកម្មដ៏ចម្បងមួយរបស់ក្រសួងពាណិជ្ជកម្ម ហើយព្រឹត្តិការណ៍នេះគឺជាស្នូរជូងដាស់ស្មារតីប្រជាជនកម្ពុជាឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ ព្រមទាំងធ្វើឲ្យខ្សែសង្វាក់ផលិតកម្មក្នុងស្រុកមានភាពរឹងមាំជាបណ្តើរៗ ព្រមទាំងបញ្ជៀបចំណោះដឹង និងបទពិសោធន៍ល្អៗដល់ផលិតករ និងអាជីវករ ដើម្បីអភិវឌ្ឍន៍វិស័យផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង»

លោក អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ បានបន្ថែមទៀតថា នាពេលថ្មីៗមានផលិតផលខ្មែរបានមានវត្តមាននៅលើទីផ្សារបានកាន់តែច្រើន ដែលមានដូចជាទីផ្សារក្នុងស្រុក តាមប្រលានយន្តហោះ និងទីផ្សារនៅក្រៅប្រទេស ហើយយើងក៏ឃើញផលិតផលខ្មែរមានការរីកចម្រើនជាខ្លាំងទាំងគុណភាព សុវត្ថិភាព សោភណ្ឌភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។

តែទោះជាយ៉ាងនេះក៏ដោយ បើធៀបនឹងទំនិញដែលកំពុងធ្វើចររាចរនៅលើទីផ្សារ ទាំងក្របខណ្ឌតំបន់ និងទីផ្សារសលក ការីកចម្រើនរបស់ផលិតផលខ្មែរនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ចូលរួមជួយជ្រោមជ្រែង ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជម្រុញការប្រើប្រាស់ឱ្យបានច្រើនជាអតិបរមា។

លោកបានបន្ថែមទៀតថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ ដៃគូអភិវឌ្ឍន៍ និងដៃគូឯកជន ផលិតករ និងពាណិជ្ជករកម្ពុជា គួរគប្បីអភិវឌ្ឍខ្លួនតាមរយៈការខិតខំប្រឹងប្រែងបង្កើតគំនិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញសម្រាប់បម្រើដល់ទីផ្សារ ដោយអនុលោមតាមគោលការភក្តីភាពចំពោះពាណិជ្ជកម្ម ដោយផលិតផលត្រូវតែមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងអនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារបាន។

បើតាមលោក សំ កុសល ស្ថាបនិក បក្សី មេឌា បានឱ្យដឹងដែរថា ពិព័រណ៍មុខរបរ២០២៣នេះ នឹងអាចជំវិញឲ្យប្រជាជនខ្មែរដែលមកចូលរួមមានក្ដីស្រមៃចង់ចេញរកស៊ី និងបង្កើតមុខរបរមួយផ្ទាល់ខ្លួនព្រោះពិព័រណ៍នេះប្រជាជនកម្ពុជាបានឃើញអាជីវកម្មជិត១០០យីហោផ្សេងៗគ្នាដែលពួកគាត់ទាំងអស់តាំងបង្ហាញពីស្នាដៃ ផលិតផលនិងសេវាកម្ម ជាពិសេសការចែករំលែកបទពិសោធន៍ពីម្ចាស់អាជីវកម្មជាច្រើនគឺជាកម្លាំងចិត្តកមួយសម្រាប់អ្នកចូលរួមគិតរកមុខរបរក្នុងក្ដីស្រមៃរបស់ខ្លួននាពេលខាងមុខ។

លោកបានបន្តទៀតថា តាមរយៈការដើរមើលពិព័រណ៍ និងស្ដាប់ការចែករំលែករបស់ម្ចាស់អាជីវកម្មជាច្រើន ប្រជាជនខ្មែរយើងនឹងបានគំនិតធ្វើជាដើមទុនចាប់ផ្តើមក្តីស្រមៃចេញរកស៊ីរបស់ខ្លួននៅថ្ងៃណាមួយជាមិនខានឡើយ។ ពិព័រណ៍មុខរបរ២០២៣ នឹងជំរុញឲ្យប្រជាជនយើងមានគំនិតក្នុងការបង្កើតមុខរបរហើយមុខរបររបស់ពួកគាត់ នឹងរួមចំណែកបង្កើតបានជាសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកតាមរយៈការបង្កើតឱកាសការងារក្នុងស្រុកដល់ប្រជាជនយើង ជាពិសេសការបង្កើតមុខរបរកាន់តែច្រើនបង្កើនសកម្មភាពសេដ្ឋនឹងជួយឲ្យអនាគតប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខជាលំដាប់៕