(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្នេះនៅកម្ពុជា មានជនមានពិការភាព ប្រមាណ៧ ៥៣៥នាក់ កំពុងបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ និងឯកជន។

សម្រាប់ស្ថាប័នរដ្ឋ មានជនមានពិការភាពប្រមាណ ៣ ៧៧៦នាក់ (ស្មើនឹង ២,០៥%) បានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋចំនួន ៣៩ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ហើយជនមានពិការភាពកម្រិតធ្ងន់ ចំនួន ២ ៣៥១នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសារលិខិតមួយអបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាព​អន្តរជាតិ​លើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»

សម្តេចបានបញ្ជាក់ថា កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បាននិងកំពុងអនុវត្តយ៉ាងជាក់ស្តែងក្នុងការជំរុញ ការចូលរួមរបស់ជនមានពិការភាពទៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ តួយ៉ាងឥស្សរជន និងមន្ត្រីរាជការមាន ពិការភាពជាច្រើនត្រូវបានតែងតាំង ឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំក្នុងជួរក្រសួង ស្ថាប័នរដ្ឋ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្រៅពីវិស័យរដ្ឋនៅក្នុងវិស័យឯកជននៅកម្ពុជា ក៏មានជនមានពិការភាពបំពេញការងារផងដែរ។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា វិស័យឯកជនទាំងនោះ រួមមានដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេស ដែលមាន ចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៧៥៩នាក់ ស្ត្រីមានពិការភាព ៣ ៦៣១នាក់។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា «សរុប ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេស ចំនួនជនមានពិការភាព ៧ ៥៣៥នាក់ កំពុងបម្រើការងារ»

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចធិបតី បានប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្ដម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើ គោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមាន ពិការភាព៕