(ភ្នំពេញ)៖ នៅក្នុងសារលិខិតអបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាព អន្តរជាតិ លើកទី៤១ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ៧ចំណុច ដើម្បីជួយសម្រួលដល់ជនមានពិការភាព នៅក្នុងប្រទេស។
ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងទិវាជនមានពិការភាព អន្តរជាតិ លើកទី៤១ ដែលប្រារព្ធឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នឹងធ្វើឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»។
ដើម្បីចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិឆ្នាំនេះ សម្តេចធិបតី បានធ្វើការអំពាវនាវដូចតទៅ៖
ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ទី៣៖ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់
អាចទទួលព័ត៌មានបានទាន់ពេលវេលា។
ទី៧៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕