(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្នាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅ បានសម្លាប់ប្រជាជនកម្ពុជាយ៉ាងរង្គាលដោយគ្មានកំហុស។

សម្តេចកិត្តិសង្គហបណ្ឌតិ បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អតីតជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។

ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕