(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា បានបង្ហាញទឹកព្រះរំភើប និងស្ងើចសរសើរចំពោះគោលនយោបាយជាតិគាំពារសង្គម ដាក់​ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងព្រះរាជសារអបអរសាទទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព​អន្តរជាតិ​លើកទី៤១ ព្រះមហាក្សត្រខ្មែរ បានចាត់ទុកគោលនយោបាយជាតិគាំពារសង្គម២០១៦​-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាព​សេវា​កម្ម​ប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយ​រង​គ្រោះ ជាពិសេសជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្រប​តាមអភិក្រម «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ ក៏បានកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្ត ​និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់​កាល​ទី១ ក្នុងគោលដៅជំរុញ​កំណើនការងារ​ប្រសិទ្ធ​ភាព សម​ធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមាន​ប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតការ​យក​ចិត្ត​ទុកដាក់ខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ឈរលើស្មារតីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះជាច្រើន ដើម្បីផ្តល់កិច្ចគាំពារផ្នែកសុខុ​មាល​​ភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕