(ភ្នំពេញ)៖ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនជនមានពិការភាពនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្ដ្រីសំនៀងជនពិការ ​ដែលស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការផ្ដល់អំណោយមនុស្សធម៌នេះ គឺជាលើកទី១៦ បើគិតចាប់ពីឆ្នាំ២០១៤មក ហើយការផ្ដល់ជូនដល់ជនមានពិការភាពនៅថ្ងៃ​នេះ ក៏ស្របគ្នាទៅក្នុងឱកាសអបអរទិវាជនមានពិការភាពកម្ពុជា​លើកទី​២៥​ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ផងដែរ។
ក្រៅពីអំណោយមនុស្សធម៌នេះ កន្លងមក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់ជាអគារមួយខ្នង ដែលសាងសង់លើទឹកដីដ៏ធំទូលាយ មានទាំងបន្ទប់ស្នាក់នៅដ៏ស្រស់ស្អាត កន្លែងសិក្សារៀនសូត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការជួយឧបត្ថម្ភគាំទ្រជាស្បៀងអាហារ និងថវិកាមិនដែលដាច់នោះឡើយក្នុងមួយ១ឆ្នាំៗ។

ដោយការគិតគូរខ្វាយខ្វល់ពីសុខទុក្ខមិនដែលរំលងនេះហើយ ទើបបានធ្វើឱ្យជនមានពិការភាពទទួលបានភាពកក់ក្ដៅទាំងផ្លូវកាយ និងផ្លូវចិត្ដ ព្រមទាំងទទួលបានសិក្សារៀនសូត្រនូវចំណេះជំនាញ សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិត។

លោកស្រី ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាម្ដាយដែលប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្ដសណ្ដោសប្រណី យកចិត្ដទុកដាក់មកលើកូនក្មួយជាជនពិការ ជួយតាមថែរក្សា និងបានបំពេញរាល់ការខ្វះខាត ដល់កូនៗគ្រប់គ្នា។ ទឹកចិត្ដមេត្តាករុណារបស់លោក ពិតជាមិនអាចយកអ្វីមកផ្ទឹមបាននោះទេ។ ក្នុងឱកាសនេះ កូនចៅទាំងអស់សូមសម្តែងនូវការគោរពដឹងគុណដ៏ថ្លៃថ្លាបំផុត របស់មាតាមនុស្សធម៌ ហើយក៏ចងចាំទុកក្នុងបេះដូងកូនក្មួយរៀងរហូតទៅ។

លោកស្រីក៏បានគូសរម្លឹកថា «ពីមុនកូនក្មួយជនមានពិការភាពទាំងអស់ រស់នៅពិបាកវេទនាណាស់ ខ្វះទាំងជម្រករស់នៅ ខ្វះទាំងអាហារហូបចុប គ្មានការបណ្ដុះបណ្ដាលជំនាញសម្រាប់ចិញ្ចឹមជីវិតនោះទេ ក្រៅពីដើរច្រៀង សុំលុយគេ ហើយត្រូវបានគេរើសអើង ពីបងប្អូនយើងមួយចំនួន។ ងាកមកបច្ចុប្បន្ននេះ ស្ថានភាពរបស់ពួកគាត់មានភាពល្អប្រសើរមែនទែន បងប្អូនកូនក្មួយមានពិការភាព ហាក់ដូចមានជីវិតថ្មីម្ដងទៀត ក្រោយទទួលបាននូវជួបនូវអំណោយដ៏ថ្លៃថ្លាជាបន្ដបន្ទាប់ពីមាតាមនុស្សធម៌ មានទាំងគ្រឿងឧបភោគ-បរិភោគ និងថវិកាក្នុងមួយឆ្នាំ២ដង ជាពិសេស គឺ ដី និងអគារដ៏ធំទូលាយ ធ្វើផ្លូវថ្នល់ឱ្យ ផ្ដល់ជារថយន្ដ និងឧបករណ៍តន្ដ្រី ដែលជាអំណោយរបស់សម្ដេចតេជោផងដែរ។ ការជួយ​អ្នករបស់លោកអ្នកមានគុណទាំងទ្វេនេះ ធ្វើឱ្យកូនមានទីជម្រកស្នាក់នៅលែងដើរជួលផ្ទះគេ ចល័តខ្លួនពីតំបន់មួយទៅតំបន់មួយ។

លើសពីនោះជំនួសឱ្យកូនចៅជនមានពិការភាព លោកស្រីក៏បានថ្លែងអំណរព្រះរាជគុណ ដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានចូលរួមចំណែកជួយកសាងអគារស្នាក់នៅខាងលើនេះដល់កូនចៅដែលមានពិការភាព ។កូនចៅទាំងអស់ សូមថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី មានព្រះរាជសុខភាព៉យ៉ឺនយូរ គង់ប្រថាប់ជាមហាម្លប់សម្រាប់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទូត របស់ព្រះអង្គជ្រកកោនតរៀងទៅ»

ក្នុងឱកាសនោះដែរលោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចពុក និងចង់ចាំមិនភ្លេចពេញមួយជីវិតកូនចៅជនមានពិការភាពទាំងអស់ ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា កន្លងមកនេះទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនដែលទុក្ខកូនចៅចោលឱ្យកំព្រា រងារឯកានោះទេ។

ជាការប្ដេជ្ញាចិត្ដ លោកចាប តូ តំណាងឱ្យជនមានពិការភាពទាំងអស់ បានអះអាងថា «យើងខ្ញុំជាជនមានពិការភាពទាំងអស់ ពិការតែកាយ តែបេះដូងមិនពិការឡើយ។ យើងខ្ញុំមានបេះដូង មានទឹកចិត្ត មានការតស៊ូ ចេះជួយខ្លួនឯង និងជួយអ្នកដទៃ ហើយអាចចូលរួមក្នុងកិច្ចការងារសង្គមបាន ជាពិសេសចូលរួមក្នុងការការពារសុខសន្តិភាព។ យើងខ្ញុំទាំងអស់គ្នា សូមអរគុណសន្តិភាព សូមអរគុណសម្តេចតេជោ សូមអរគុណអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមអរគុណកាកបាទក្រហមកម្ពុជា»

សូមជម្រាបថា ក្នុងឱកាសចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌ ជូនជនមានពិការភាពខាងលើនេះ លោកស្រី ម៉ែន នារីសោភ័គ ក៏ពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗ ដែលមានពិការភាពទាំងអស់ និងសូមលើកទឹកចិត្តឱ្យភាពពិការនេះ ប្រែក្លាយជាការខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈខ្លួនឯងឱ្យស័ក្តិសមថា «ពិការកាយ តែមិនពិការចិត្ត»