(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យចេញព្រះរាជសារអបអរសាទរទិវាដ៏មហានក្ខត្តឫក្សនេះ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបង្ហាញនូវទឹកព្រះទ័យរំភើបរីករាយ ហើយគាំទ្រលើប្រធាន បទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។ ព្រះករុណជា​អម្ចាស់​ជីវិតតម្កល់លើត្បូងចាត់ទុកប្រធានបទនេះ បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ការ​សម្រប​សម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និងឯកជន លើកកម្ពស់អភិបាលកិច្ចល្អជូនជនមានពិការភាព និងជំរុញការចូលរួមដ៏ថ្លៃថ្លាមិនអាចខ្វះបានរបស់ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាព​អភិវឌ្ឍន៍​សង្គម ជាពិសេសតាមបែបបច្ចេកវិទ្យាឌីជីថល។