(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំគោកគង់កើត-ឃុំជាខ្លាង និងសហការី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមប្រជុំប្រកាសសុពលភាព ក្រុមចលនាតាមភូមិ និងលើកផែនការទិសដៅ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅទីស្នាក់បក្សឃុំគោកគង់កើត ស្រុកកញ្ជ្រៀច និងបានបញ្ចូលក្រុមការងារ ជួបជាមួយសមាជិកតាមភូមិទាំង១២ភូមិ មានសមាជិក ៣៦២នាក់។
បន្ទាប់មកលោក ចាន់ វ៉ាន់ធឿន បានសំណេះសំណាលសាកសួរសុខទុក្ខ និងចុះចែកតាមខ្នងផ្ទះ នូវមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេ១២នាក់ គ្រួសារសពម្នាក់ និងនាំយកអំណោយរបស់ លោក នេត សាវឿន និងលោកស្រី មានថវិកានិងសម្ភារៈរួមមាន៖ ប៊ីចេង, កន្សែង, ប្រេងកូឡា និងបានឧបត្ថម្ភថវិកាសំរាប់ជួយជួសជុលបន្ថែម ផ្លូវលំប្រវែង១៥០០ម៉ែត្រ។
ដោយឡែកនៅឃុំជាខ្លាងស្រុកស្វាយអន្ទរ ក្រុមចលនាតាមភូមិទាំង៨ភូមិ បានចុះជួបសមាជិកក្រុមការងារតាមភូមិ និងឧបត្ថម្ភថវិការួចចុះសាកសួរសុខទុក្ខម្តាយ នាយប៉ុស្តិ៍រដ្ឋបាលឃុំជាខ្លាងដែលមានជំងឺ និងបានឧបត្ថម្ភអង្ក៥០គីឡូក្រាម, ទឹកដោះគោ២ឡូ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ប៊ីចេង១គីឡូក្រាម, មី៣កេស និងថវិកាមួយចំនួន៕