Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ទៀតលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាលតែជួយទាន់, សមត្ថកិច្ចបន្តចុះណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់

20-08-2016 17:41

(ព្រះសីហនុ)៖ មានបុរសម្នាក់ទៀតត្រូវបានគេរាយការណ៍ថា បានលង់ទឹកសមុទ្រនៅតំបន់ឆ្នេរអូរឈើទាល នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា «មានបុរសម្នាក់ទៀតហើយបានលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាល នៅវេលាម៉ោងជាង ២កន្លះរសៀល ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែភ្លាមៗជនរងគ្រោះត្រូវបានក្រុមឆ្មាំសមុទ្រ ពាក់អាវយឺតពណ៌ក្រហម ជួយសង្គ្រោះទាន់ពេល មិនរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងក្រោយមកត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត»។

ជនរងគ្រោះឈ្មោះ សុខ វិចិត្រ អាយុ ៤០ ជាអ្នករស់នៅច្បារអំពៅ រាជធានីភ្នំពេញ ហើយករណីលង់ទឹកនេះកើតឡើងក្នុងពេលជនរងគ្រោះ និងសាច់ញាតិនាំគ្នាមុជទឹកលេងក្បែរឆ្នេរ ដែលមានរលកប្រដេញខ្លាំង។

ជាមួយគ្នានេះកម្លាំងនគរបាលទេសចរណ៍ និងនគរបាលមូលដ្ឋាន បានបន្តចុះទៅណែនាំដល់ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរមកលេងមាត់សមុទ្រទាំងជាតិ និងអន្តរជាតិ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចុះងូតទឹក ហែលទឹកលេង និងជាពិសេសនោះត្រូវតាមមើលក្មេងតូចៗផងដែរ ពីព្រោះនៅតែមានខ្យល់ និងរលក់បោកបក់ខ្លាំងពេលខ្លះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា បើទោះមានការចុះណែនាំ និងផ្សព្វផ្សាយពីគ្រោះថ្នាក់ពីគ្រោះធម្មជាតិ តែនៅមានប្រជាពលរដ្ឋខ្លះ ហាក់បីមិនមានការប្រុងប្រយ័ត្នទេ ដូចជាឲ្យកូនតូចៗ ចុះលេងទឹក ដោយមិនពាក់អាវពោងទាល់តែសមត្ថកិច្ចហៅឲ្យឡើងលើគោកវិញ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃម្សិលមិញ រលកសមុទ្រ បានបោកបក់មកលើប្រជាពលរដ្ឋដែលកំពុងលេងទឹក នៅឆ្នេរអូរឈើទាល បណ្តាលឲ្យឈ្លក់ស្លាប់ម្នាក់ ដែលគេដឹងថា ជាកូនអ្នកមាននៅខេត្តកំពង់ចាម និងមនុស្សមួយទៀតត្រូវបានជួយសង្គ្រោះទាន់៕