(ភ្នំពេញ)៖ លោក សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះបទពិសោធន៍នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសបញ្ចប់ភ្លើងសង្គ្រាម រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ លោករដ្ឋមន្ត្រីការពារជាតិ បានចាត់ទុកបទពិសោធន៍នៃការដឹកនាំរបស់សម្តេចតេជោ ជាគំរូមួយដែលលោកយកមករៀនសូត្រតាម។
លោករដ្ឋមន្ត្រីការពារជាតិថៃ លើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមាន៧មករា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីលើកកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក សុធីន ខ្លាំងសែង បានជ្រើសយកកម្ពុជា ជាប្រទេសបំពេញទស្សនកិច្ចលើកដំបូង ដូចទៅនឹងនាយករដ្ឋមន្ត្រីរបស់ខ្លួនផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសទី១ ក្នុងដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ ក៏ដូចជាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញាកន្លងទៅ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថៃ ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិថៃនៅពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពទាំងពីរ។
លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យគណៈប្រតិភូរបស់លោក បានចូលជួបសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ លោករដ្ឋមន្ត្រីការពារជាតិថៃ បានជម្រាបជូនសម្ដេចតេជោ អំពីលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជំនួបសម្ដែងការគួរសមចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមស្និទ្ធស្នាលជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់។
លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ដែលមានភាពកាន់តែរលូន រឹងមាំជាលំដាប់ ដោយប្រទេសទាំងពីរបានប្រើយន្តការដែលមានស្រាប់នាពេលកន្លងមក ដូចជា៖ យន្តការ JBC ក្នុងការពង្រឹងទំនាក់ទំនងជាលំដាប់។
លោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅ និងគោរពចំពោះសម្ដេចតេជោ ដែលបានដឹកនាំនយោបាយនាំមកនូវសុខសន្តិភាពដល់ប្រទេស និងនាំមកនូវការកសាងប្រទេសបានរីកលូតលាស់ មានស្ថេរភាពទាំងខាងនយោបាយ សេដ្ឋកិច្ច ប្រជាជនរស់នៅដោយសុខសប្បាយ មានជីវភាពកាន់តែធូរធារចម្រើនរុងរឿង ហើយការបន្តវេនទៅឱ្យជំនាន់ក្រោយប្រកបដោយភាពរលូន ដែលបង្ហាញនូវកម្លាំងរឹងមាំក្នុងការបន្តដឹកនាំពីអ្នកជំនាន់មុន ហើយសង្ឃឹមថា ប្រទេសកម្ពុជា និងមានការរីកចម្រើនលូតលាស់ជាលំដាប់យ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ក្រោយពីបានស្ដាប់ប្រសាសន៍ប្រកបដោយអត្ថន័យជាគំរូដឹកនាំ ដែលលោកអាចរៀនសូត្រ រៀបចំការដឹកនាំនៅក្នុងប្រទេសរបស់លោកផងដែរ។
លោករដ្ឋមន្ត្រី បានចាត់ទុកបទពិសោធន៍របស់សម្ដេចតេជោ មានសារៈសំខាន់មិនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងវេទិកាពិភពលោក ក៏ដូចជាក្នុងវេទិកាអាស៊ានផងដែរ។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រចំពោះគោលនយោបាយប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមានសុខសន្តិភាព មានកិច្ចសហប្រត្តិការ និងការអភិវឌ្ឍ ហើយនឹងគោលដៅក្នុងការបញ្ចប់មីននៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដែលលោកបានឯកភាព ហើយសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពប្រទេសទាំងពីរ ក្នុងការដោះមីននៅតាមព្រំដែនឱ្យអស់ ដើម្បីបង្កល់លក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ក្នុងការបង្កបង្កើនផល ក៏ដូចជាការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការបើកច្រកព្រំដែន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានទូលំទូលាយថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានសំដែងការរីករាយចំពោះលទ្ធផលពិភាក្សាកន្លងមក របស់លោករដ្ឋមន្ត្រីការពារជាតិថៃ ជាមួយឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនពីអ្នកជំនាន់មុន ហើយសង្ឃឹមថា រដ្ឋាភិបាលរបស់ថៃបច្ចុប្បន្ន និងរដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេននៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរឹងមាំ និងលូតលាស់ជាលំដាប់ តាមរយៈការកើនឡើងទំហំពាណិជ្ជកម្ម ការផ្លាស់ប្ដូរទេសចរណ៍តាមព្រំដែន ជាពិសេសតួនាទីសំខាន់របស់កងទ័ព ដែលមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានឹងគ្នា។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តរាជរដ្ឋាភិបាលប្រទេសទាំងពីរ កងទ័ពទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការល្អប្រសើរកន្លងមក បន្តកិច្ចសហប្រតិបត្តិការថែមទៀត លើយន្តការដែលមានស្រាប់ បន្ថែមលើយន្តការ JBC និង GBC គឺយើងនៅមានយន្តការជាច្រើនទៀតដូចជា៖ GMS, ACMEC, CLMTV , ASEAN។ល៕