(ភ្នំពេញ)៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យាឈានមុខនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ​ ឈាង រ៉ា បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងចរន្តឯកសារតាមអេឡិចត្រូនិច ដែលអាចស្នើសុំយោបល់ និងផ្តល់យោបល់ ទៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ តាមអេឡិចត្រូនិចដោយមានភាពឆាប់រហ័ស ទោះបីជានៅទីណាក៏ដោយ ហើយនឹងដាក់ដំណើរការពេញលេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

ការប្រកាសដាក់ឱ្យប្រើប្រាស់សាងល្បងនេះ បានធ្វើឡើងក្នុងឱកាសលោកសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ក្រោមការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានចេញនូវយុទ្ធសាស្រ្តអាទិភាពគន្លឹះក្នុងការពង្រឹងសេវាសុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រីបានបន្ថែមថា សម្រាប់ការពង្រឹង និងពិនិត្យលើកង្វះខាតធនធានមនុស្ស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក សូមឱ្យធ្វើវិចារណកម្មលើតម្រូវការជាក់ស្តែង ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។ លោករដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រូវចេះសន្សំសំចៃ និងត្រូវពិនិត្យការគ្រប់គ្រងឱសថឱ្យបានត្រឹមត្រូវ។ ចំណែកឯការងារចុះអភិបាលគឺត្រូវធ្វើឱ្យបានល្អ ត្រូវមានផែនការ មានខ្លឹមសារ និងគោលបំណងច្បាស់លាស់។

ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ និងថ្លែងអំណរគុណដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងកិច្ចការការពារសុខភាពក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងលោកនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ៕