(ហ្សាការតា)៖ នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោលការណ៍វិនិយោគបៃតងអាស៊ាន។
នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នៅក្នុងតំបន់ និងបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន។
នៅព្រឹកថ្ងៃសុក្រដដែល លោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យឯកឧត្តម An Kwang-Il ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជម្រាបលា និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកវិធីដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
ដោយឡែកនៅរសៀលថ្ងៃសុក្រ អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោកជំទាវ Candith Mashego-Dlamini អនុរដ្ឋមន្ត្រីទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ ភាគីទាំងពីរបានពិភាក្សារិះរកវិធី និងមធ្យោបាយ ដើម្បីឱ្យភាពជាដៃគូកិច្ចសន្ទនាតាមវិស័យអាស៊ាន-អាហ្វ្រិកខាងត្បូង កាន់តែមានអត្ថន័យ និងដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក។
នៅល្ងាចថ្ងៃសុក្រ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាអបអរសាទរ ក្នុងពិធីជប់លៀងទិវាអាស៊ាន-កូរ៉េលើកទី៥ ដែលរៀបចំដោយស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងកូរ៉េ ក្នុងរយៈពេល ៣៤ឆ្នាំកន្លងទៅ និងបានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
បណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនទំនាក់ទំនង ស្របពេលដែលភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ២០២៤ ស្របគ្នាជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ៕