(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នំា២០២៣ កម្លំាងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ សហការជាមួយកម្លំាងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រាបករណីបង្ខាំងមនុស្សស្ថិតនៅចំណុចផ្ទះលេខ131G ផ្លូវកែវចិន្ដា ក្រុម៨ ភូមិ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

របាយការណ៍របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន១៣នាក់ (ជនជាតិបង់ក្លាដេស១២នាក់ និងខ្មែរម្នាក់) ហើយរំដោះបានជនជាតិចិនចំនួន២នាក់។

តាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានបន្តថា ក្រោយទទួលបានព័ត៌មានលេខសង្គ្រោះបន្ទាន់ពីអគ្គស្នងការនគរបាលជាតិ ថាមានករណីបង្ខាំងមនុស្សនៅចំណុចខាងលើ និងជនរងគ្រោះបានទូរស័ព្ទទៅលេខរបស់អាវុធហត្ថ 1291 បន្ថែម ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ ដោយបានធ្វើការឡោមព័ទ្ធកន្លែងកើតហេតុ រហូតឈានដល់ការបង្រ្កាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ហើយបានរំដោះជនរងគ្រោះ២នាក់។

បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់ និងជនរងគ្រោះ២នាក់ ត្រូវបាននាំខ្លួនទៅកាន់អាវុធហត្ថខណ្ឌជ្រោយចង្វារដើម្បីសាកសួរបន្ត៕