(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានចេញសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលភ្ជាប់ជាមួយសារគន្លឹះចំនួន ៦ ចំណុច ជូនដល់បបងប្អូនជនរួមជាតិ ជាពិសេសយុវជន ដើម្បីរួមគ្នាបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥

សារគន្លឹះទាំង ៦ចំណុចរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មានដូចតទៅ៖

១៖ ត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន

២៖ ត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី»

៣៖ សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់

៤៖ សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល

៥៖ សូមបង-ប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ

៦៖ សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។

តាមសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ទៀតថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ខ្ញុំមានកិត្តិយស សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍លើកទី ៣០ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលមានគោលបំណងទាញការយកចិត្តទុកដាក់របស់បង-ប្អូនរួមជាតិ ឱ្យបន្តការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស ដើម្បីកសាងសង្គមជាតិមួយ ដែលពុំមានការគំរាមកំហែងពីមេរោគេអង់ស៍/ជំងឺអេដស៍»។

ក្នុងឱកាសដ៏មានអត្ថន័យនេះ «ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួមជាចរន្តជាតិតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិ ថែមទៀតផង»

ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចគោលដៅដែលជាមោទនភាពថ្មីមួយទៀត ដែលនោះ គឺជាការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។ ប្រធានបទទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើង ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថល។

ជាក់ស្តែង, ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជារួមជាមួយនឹងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅទូទាំងប្រទេស បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ, ការចុះប្រាស្រ័យទាក់ទងផ្ទាល់, ការផ្តល់ចំណេះដឹងតាមបណ្តាញសង្គម ដោយផ្ដោតទៅលើបច្ចុប្បន្នភាពចំណេះដឹងពីស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍, បញ្ហាប្រឈម, វិធានការបង្ការការចម្លងមេរោគអេដស៍,វិធានការស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានទាន់ពេលវេលា, វិធានការស្វែងរកសេវាថែទាំនិងព្យាបាល និងវិធានការស្វែងរកការគាំទ្រ។

លើសពីនេះទៀត, កាកបាទក្រហមកម្ពុជាបានកំណត់នូវអាទិភាពខ្ពស់ក្នុងការចូលរួមបញ្ចប់ការរើសអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍, កំពុងលើកទឹកចិត្ត និង់គាំទ្រ ឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់សហគមន៍, ពីអ្នករងគ្រោះផ្ទាល់, ជាពិសេសក្រុមប្រជាជនគន្លឹះ រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ឱ្យចូលរួមឆ្លើយតបនៅក្នុងចរន្តជាតិតែមួយ៕