(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការរណសិរ្សក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បានប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ ដល់ ២ ធ្នូ ២០២៣ ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទ០១ ខែធ្នូ ឆ្នាំ២០២៣ នាសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន។


មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះប្រទេសជាតិកម្ពុជាចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។

រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានរលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការបង្កើតថ្ងៃទី២ ធ្នូ បើសិនគ្មានថ្ងៃ២ ធ្នូ ទេ ក៏គ្មានថ្ងៃ ៧ មករា នោះដែរ, ២ ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម ហើយអាចឲ្យយើងរួមគ្នាកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ថ្ងៃនេះ។

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពោធិសាល ជា សុីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណខន្ធដល់អ្នកតស៊ូដែលបានពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិ និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ប្រជាជន យុវជន និងមន្រ្តីរាជការទាំងអស់នៃក្រសួងព័ត៌មាន ត្រូវចងចាំជានិច្ចស្មារតី ២ធ្នូ ដែលជាកំលាំងសាមគ្គីជាតិយ៉ាងធំក្នុងការរំដោះប្រទេសពីរបបខ្មែរក្រហម។ ទាំងអស់នេះគឺជាមូលដ្ឋានមេរៀនប្រវត្តិសាស្រ្តមួយ សម្រាប់យើងក្នុងការដឹកនាំប្រទេស និងការពារសុខសន្តិភាព ដែលកម្ពុជាយើងមាន។

ផ្តើមចេញពីមូលដ្ឋាន ២ធ្នូនេះហើយ ដែលនាំឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ដែលរហូតមកដល់ពេលនេះ គឺពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២៣ រយៈ២៥ ឆ្នាំមកហើយ នឹងបន្តការពារឲ្យបានយូរអ្វែងទៅមុខទៀតសម្រាប់កូនចៅជំនាន់ក្រោយ មានឱកាសក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចំរើនរឹងមាំថែមទៀត។

នៅពីក្រោយនៃសន្តិភាព និងការអភិវឌ្ឍដែលជាតិ និងប្រជាជនកម្ពុជាមានសព្វថ្ងៃ គឺពោរពេញទៅដោយការលះបង់សព្វបែបយ៉ាងរបស់យុវជននិងមនុស្សជំនាន់មុន! អតីតកាលកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់មិនអស់ ពលរដ្ឋខ្មែរបាន បាត់បង់ជីវិតជាច្រើនលាននាក់ ហើយអ្នកទាំង នោះតស៊ូដើម្បីការរស់រានជីវិតឡើងវិញរបស់ជាតិ និងប្រជាជនខ្លួន! ការលះបង់របស់មនុស្សជំនាន់មុនបានផ្តល់ផ្លែផ្កានាពេលបច្ចុប្បន្ន!

ពលរដ្ឋខ្មែរបានដឹងច្បាស់ថាតើកម្ពុជាបច្ចុប្បន្នបានចេញពីកន្លែងណាពិតប្រាកដមួយ និងទិសដៅកម្ពុជាទៅមុខត្រូវបន្តទៅណាពិតប្រាកដដើម្បីរក្សានូវសុខសន្តិភាពដែលមាន ការអភិវឌ្ឍដែលពលរដ្ឋ ខ្មែរកំពុងទទួលបាន។ ពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំជានិច្ចនូវការពលី របស់មនុស្សជំនាន់មុន និងចងចាំនូវប្រវត្តិសាស្ត្រ ពិតនៃការតស៊ូលះបង់របស់បុព្វបុរសខ្មែរ៕