(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាននៅកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្នុងគោលបំណង ស្វែងយល់ពីគ្នាទៅវិញទៅមក និងតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឲ្យមានការរីកចំរើនទៅមុខទៀត។

រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ម៉ឺននាក់ មានសារព័ត៌មានអនឡានជិត ១០០០ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី។

តាមរយៈនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទ និងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវ អត្ថប្រយោជន៍ទាំងឡាយដែលមាន។

លោកបានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០ភាគរយ។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧អង្គភាព។ ដូច្នេះសម្រាប់អង្គភាពសារព័ត៌មានបានចុះបញ្ជីត្រឹមត្រូវ និងអនុវត្តន័ការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងទទួលបានការការពារស្របតាមផ្លូវច្បាប់»។

លោករដ្ឋមន្រ្តី បានជម្រាបជូនដែរថា Facebook នៅកម្ពុជាដែលប្រើ Name Cambodia មានប្រមាណ១៥លានគណនេយ្យ Facebook, Tik Tok មានប្រមាណជិត ១០លានគណនេយ្យ ដែលជាមូលដ្ឋាននៃការបញ្ជូនសារទៅឲ្យប្រជាពលរដ្ឋ។
ដោយសារមានការកើនឡើងប្រពន្ធ័ផ្សព្វផ្សាយសង្គមនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនកុំឲ្យសាធារណជនមានការយល់ច្រឡំ រវាងអ្នកកាសែតអាជីព និងអ្នកកាសែតប្រជាជន។ អ្នកកាសែតអ្នកយកព័ត៌មានអនឡាញដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ គឺមានការចុះបញ្ជីមានបណ្ណអ្នកកាសែត។ អ្នកកាសែតប្រជាជន គឺសំដៅលើអ្នកចូលចិត្តថត ចូលសរសេរ ចូលចិត្តផ្សព្វផ្សាយ តែមិនមែនជាអ្នកសារព័ត៌មានអាជីពនោះទេ។

លោកបានជម្រាបជូនដែរថា ក្រៅពីការគិតគូរ និងផ្តល់កិច្ចគាំពារដល់មន្ត្រី, ក្រសួងព័ត៌មាន បានគិតគូរដល់បងប្អូនអ្នកសារព័ត៌មាន និងក្រុមគ្រួសារលើកស្ទួយកិច្ចគាំពារសុខុមាលភាព និងកាត់បន្ថយការចំណាយ ដោយក្រសួងព័ត៌មាន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក យល់ព្រមធ្វើការផ្តល់នូវការបញ្ចុះតម្លៃពិសេសទៅលើថ្លៃសេវាកម្មពិនិត្យសុខភាព ៣០ភាគរយ។

ជាជំហានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់អ្នកសារព័ត៌មាន។ ទន្ទឹមនេះលោកក៏ជំរុញដល់ ប្រធានសមាគមសារព័ត៌មានទាំងអស់ត្រូវគិតគូរដល់សមាជិក សមាជិការបស់ខ្លួន ដើម្បីចុះបញ្ជីធ្វើបណ្ណ បសស បេឡាជាតិសន្តិសុខសង្គម ដែលទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសុខភាព។

ក្នុងឱកាសនេះដែរលោក នេត្រ ភក្ត្រា បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារ នៃអត្ថបទ ដែលមានគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្រមសិលធម៌ វិជ្ជាជីវៈ គឺជាកិច្ចការងារយ៉ាងសំខាន់សម្រាប់សារព័ត៌មាន។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ដែលមានប្រភពច្បាស់លាស់៕