(ស្ទឹងត្រែង)៖ មន្ទីរអភិវឌ្ឍជនបទខេត្តស្ទឹងត្រែង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធី ទឹកស្អាតជនបទ ក្រោមអធិបតីភាព លោក ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ព្រំ ចាន់ថា ប្រធានអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិ (NSP) ដែលបានដាក់ចេញដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទ ជាប្រធានលេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ មន្ទីរអភិវឌ្ឍន៍ជនបទបានជួបប្រជុំគ្នា និងដោយមានកិច្ចសម្របសម្រួលពីនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំផែនការជាក់លាក់មួយ ដែលជាធាតុចូលដើម្បីបង្កើតផែនការ សកម្មភាពថ្នាក់ខេត្តមួយមានភាពច្បាស់លាស់ និងចំគោលដៅលើការងារផ្គត់ផ្គង់ទឹកស្អាតជនបទ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នាយកដ្ឋានផ្គត់ផ្គងទឹកជនបទ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រី រដ្ឋបាល ក្រុង ស្រុក អង្គការដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមបង្កើតចេញជាផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទ នេះសម្រាប់ជាត្រីវិស័យចង្អុលផ្លូវ ក្នុងការអនុវត្តការងារលើក ស្អាតក្នុងខេត្តទទួលបានជោគជ័យ។

ដោយឡែក លោក ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួង និងប្រធាននាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូច ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ពោលគឺធ្វើយ៉ាងណាឲ្យការផ្គត់ផ្គង់សេវាផ្នែកនេះ បានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួម គឺការសម្រេចឲ្យបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យ ឲ្យបាន៩០ភាគរយ នៅឆ្នាំ២០២៥។

លោក ស្រុិន ពុទ្ធី បានសង្ឃឹមថា អង្គសិក្ខាសាលានេះ នឹងផ្តល់ជាធាតុចូលបន្ថែមទៀត ដើម្បីឲ្យផែនការកំណត់អាទិភាព នេះបានគ្រប់ជ្រុងជ្រោយ សម្រាប់ឲ្យភាគីពាក់ព័ន្ធពិនិត្យ និងរៀបចំផែនការរបស់ខ្លួនឲ្យចំគោលដៅ ក្នុងភូមិសាស្ត្រដែលខ្លួនកំពុងអនុវត្តការងារ។

លោកក៏បានស្នើដល់អាជ្ញាធរ អង្គការ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទីកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍ឲ្យបានគ្រប់ ភូមិ ឃុំ ក្នុងខេត្តស្ទឹងត្រែង ដើម្បីឈានសម្រេចឲ្យខាងតែបានគោលដៅ ទស្សនៈវិស័យ នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់ នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព៕