(បាត់ដំបង)៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ លេីកទី៣០ ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រស់នៅជាមួយមេរោគដស៍ ជំងឺអេដស៍ ចំនួន១៥០នាក់ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង ដោយមានការចូលរួមពីគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងអ្នកផ្ទុកមេរោគអេដស៍ សរុបប្រមាណ២០០នាក់។
ក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ការគិតគូរពីជីវភាពរស់នៅ និងកោតសរសើរចំពោះប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ លោកបានរៀបរាប់អំពីសាវតានៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា និងឃុំរការស្រុកសង្កែ ព្រមទាំងបានគូសបញ្ជាក់អំពីសកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មុន និងក្រោយពេលដែលសម្តេចទទួលបានគោរមងារពីអង្គការសហប្រជាជាតិ គឺជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលបានផ្តល់ជាគំរូដល់អន្តរជាតិ ក្នុងការចូលរួមទប់ស្កាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ហើយធ្វើឲ្យអត្រាប្រេវ៉ាឡង់បានធ្លាក់ចុះជាបន្តបន្ទាប់។
ជាមួយគ្នានេះ ក្រុមការងារឥរស្សជនឆ្នើមនៃសាខាខេត្ត បានអានជូនអង្គពិធីនូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
ក្នុងសារលិខិតនោះ បានលេីកឡេីងថា ប្រធានបទ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឲ្យមានការចូលរួម ឲ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជា ធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់នៅឯកោឡើយ និងការបង្កើតឲ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗ ដែលមានលក្ខណៈឌីជីថល៕