(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០១ ខែធ្នូឆ្នាំ ២០២៣នេះ បានជួបសំណេះសំណាលជាមួយសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន២៦នាក់ ក្នុងក្រុងកំពង់ចាម។
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ នេះ មានបេក្ខជនប្រឡងជាង ៨ពាន់នាក់ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៧២,៤១%។ ការប្រឡងនេះ សម្រាប់សិស្សក្នុងខេត្តកំពង់ចាមដែលជាប់និទ្ទេស A ចំនួន ១០៣នាក់ ពោលគឺជាប់ចំណាត់ថ្នាក់លេខ៤ទូទាំងប្រទេស ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាលទ្ធផលធ្វើឲ្យសិស្សានុសិស្ស ប្រឡងបាននិទ្ទេស A បានជោគជ័យ គឺដោយសារកត្តាច្រើនយ៉ាង ដែលក្នុងនោះមានដូចជា កត្តាទី១ គឺក្មួយៗ បានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង , កត្តាទី២ គឺការជំរុញលើកទឹកចិត្តពីឪពុកម្ដាយ ឬអាណាព្យាបាល, កត្តាទី៣ គឺគ្រូបង្រៀនល្អ , កត្តាទី៤ គឺអាជ្ញាធរមានសមត្ថកិច្ច ដែលបានសម្របសម្រួល អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋបានល្អ, កត្តាទី៥ សំខាន់បំផុត គឺសុខសន្តិភាព។
លោកអភិបាលខេត្តបាន ផ្តាំផ្ញើដល់សិស្សទាំងអស់ សូមបន្តខិតខំរៀន លុះនៅពេលដែលបញ្ចប់ការសិក្សាដោយជោគជ័យ សូមយកចំណេះជំនាញ ដែលបានរៀនសូត្រ មកបម្រើការងារដើម្បីជួយអភិវឌ្ឍន៍ខេត្តកំពង់ចាម ក៏ដូចជាប្រទេសជាតិរបស់យើង។
ជាមួយគ្នានេះ ត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលចេញទៅបន្តនៅថ្នាក់ឧត្តមសិក្សា ជាពិសេស សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕