(ព្យុងយ៉ាង)៖ មកដល់ថ្ងៃសៅរ៍នេះ ទើបប្រទេសកូរ៉េខាងជើង បានចេញសេចក្តីបំភ្លឺមួយក្រោយការរត់ ភៀសខ្លួនរបស់គ្រួសារមន្ត្រីទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ចក្រភពអង់គ្លេស ថាបណ្តាលមកពីការ ដឹងខ្លួនថាប្រព្រឹត្តខុស និងត្រូវប្រឈមមុខទោសទណ្ឌ ពីរបបដឹកនាំទីក្រុងព្យុងយ៉ាង ទើបសម្រេចចិត្តដូច្នេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀល ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦។
តាមរបៀបរបបរបស់កូរ៉េខាងជើង លោក Thae Yong-ho គឺត្រូវបានតែងតាំងជារដ្ឋមន្ត្រីតំណាងទីក្រុង ព្យុងយ៉ាង ប្រចាំទីក្រុងឡុងដ៍ ដែលមានតំណែងធំបន្ទាប់ពីអគ្គរដ្ឋទូត។ មន្ត្រីដែលបានរត់ភៀសខ្លួនទៅនៅ ប្រទេសកូរ៉េខាងត្បូងទាំងគ្រួសាររូបនេះ ត្រូវបានកូរ៉េខាងជើងចាត់ទុកថា ជាគ្រួសារឧក្រិដ្ឋជន ដែលបានប្រព្រឹត្តទោសដ៏ធ្ងន់ធ្ងរបំផុតសម្រាប់គណបក្សពលករ។
តាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង Thae Yong-ho មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្ត បទល្មើសធំៗមួយចំនួន ក្នុងនោះក៏មានការរំលោភបំពានផ្លូវភេទលើកុមារផងដែរ។ បន្ថែមពីនេះទៀត កូរ៉ខាងជើង កំពុងត្រៀមរៀបចំឯកសារ ស្នើសុំបញ្ជូនមន្ត្រីជាប់ទោសរូបនោះឲ្យមកកាន់ទីកុ្រងព្យុងយ៉ាង វិញទៀតផង។
ដោយឡែកកាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងក៏បានសម្រេចបិទស្ថានទូតប្រចាំទីក្រុង Tashkent នៃប្រទេសអូបេគីស្ថានផងដែរ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះឡើយ។ ងាកទៅមើល ព័ត៌មានដ៏រសើបដែលបានចេញផ្សាយកាលពីថ្ងៃសុក្រវិញ ចំពោះមន្ត្រីតំណាងលោក គីម ជុងអ៊ុន ប្រចាំតំបន់អឺរ៉ុប ដែលរបាយការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានផ្សាយថាលោកបានរត់ភៀសខ្លួនជាមួយ លុយជំនួយរបស់រដ្ឋរាប់ពាន់លានដុល្លារនោះ ក៏កូរ៉េខាងជើងមិនបានធ្វើការបកស្រាយអ្វីនៅឡើយដែរ៕