(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា ដើម្បីបុព្វហេតុថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក កម្ពុជាបានចូលរួមចំណែកកាន់តែសកម្មឡើងថែមទៀតនៅក្នុងបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា និងលោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាព បិទវគ្គគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្រោមការជួយឧបត្ថម្ភពីអូស្ត្រាលី និងជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២នេះ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសដទៃនៅលើលោក តាមសំណូមពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ សំដៅបន្តលើកកម្ពស់កិត្តិយស កម្ពុជាដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានានៅគ្រប់កិច្ចការក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដែលជាឧត្តមភាពដ៏ចាំបាច់បំផុតដល់កិច្ចអភិវឌ្ឍន៍គ្រប់បែបយ៉ាង។
លោកបន្តថា កម្ពុជាមានមោទនភាពជាខ្លាំងដោយសារបានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលពីប្រទេសមួយធ្លាប់ទទួលកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ បានក្លាយជាប្រទេស ដែលបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិវិញ ជាក់ស្ដែងគិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងរបស់ខ្លួនចំនួន ៩,២០៥នាក់ ក្នុងនោះ មាននារី៧២៦នាក់ នៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។
រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានបន្ថែមថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ក្នុងនោះវិស័យរក្សាសន្តិភាព គឺជាកិច្ចការមួយរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល ដែលបង្ហាញពីឆន្ទៈមោះមុតរបស់កម្ពុជា សាមគ្គីភាពជាលក្ខណៈអន្តរជាតិ ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្ដិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានរំលឹកថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានបង្ហាញជាថ្មី «កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ នេះគឺជាឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងសាមគ្គីភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក»។
ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់បន្តរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែទម្រង់ប្រតិបត្តិការសន្តិភាព តាមរយៈ ទី១៖ ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ធ្វើការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហឹង្សា និងការជួញដូរផ្លូវភេទ, ទី២៖ បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ដោយសហការរួមគ្នាជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ចែករំលែកបទពិសោធន៍ទាំងក្នុង ក្រៅប្រទេស និងតំបន់បេសកកម្ម និងទី៣៖ បន្តបង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្មទាំងក្នុងកងទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ ជាមួយគ្នានេះ ជាការរួមចំណែករបស់កម្ពុជាឱ្យកាន់តែសកម្មថែមទៀតនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាចិត្តរៀបចំកងកម្លាំងឧបករណ៍ សម្ភារៈ មធ្យោបាយមួយចំនួនតាមស្តង់ដារអង្គការសហប្រជាជាតិ ក្នុងប្រព័ន្ធត្រៀមជាស្រេច។ ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានលើកឡើងថា ទោះបីកម្ពុជាទទួលបានជោគជ័យឆ្លងកាត់មេរៀន និងមានបទពិសោធន៍ជាច្រើនលើវិស័យរក្សាសន្តិភាពក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែបន្តខិតខំសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះថានៅក្នុងបរិបទ បច្ចុប្បន្ន ស្ថានភាពពិភពលោកនឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និងពិបាកស្មាន។ មួយវិញទៀត បេសកកម្មទាំងនេះសុទ្ធតែជាការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ ហើយកម្លាំងកម្ពុជាមួយចំនួនបានបូជាជីវិត ប៉ុន្តែកម្ពុជា នៅតែប្តេជ្ញាការចូលរួមសកម្មថែមទៀត ដើម្បីបុព្វហេតុសន្តិភាពក្នុងពិភពលោក៕