(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Park Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជានារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបិទវគ្គគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្រោមការជួយឧបត្ថម្ភពីអូស្ត្រាលី និងជប៉ុន។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព បានថ្លែងថា វគ្គហ្វឹកហ្វឺននេះផ្តោតសំខាន់លើជំនាញប្រើប្រាស់ និងថែទាំគ្រឿងចក្រវិស្វកម្មធុនធ្ងន់ ៦ប្រភេទ ដែលមានរយៈពេល ៦សប្តាហ៍ ដែលមានយោធាចារ្យកូរ៉េ ១០នាក់ និងសិក្ខាកាមកម្ពុជា ៣២នាក់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគីនាពេលនេះ ជាស្ពានមេត្រី ជាការហ្វឹកហ្វឺនតម្រង់ទិសសិក្ខាកាមឱ្យក្លាយជាគ្រូបង្គោល សម្រាប់បង្វឹកដល់កម្លាំងរក្សាសន្តិភាពចេញបំពេញបេសកកម្ម​ អសប ជាពិសេស ដើម្បីពង្រឹងខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមាន៤ប្រទេសជាម្ចាស់ផ្ទះវិលជុំ ២ឆ្នាំម្តង ក្នុងនោះមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ និងកម្ពុជា។ គម្រោងនេះ មានការឧបត្ថម្ភគាំទ្រពី អសប ជប៉ុន អូស្រ្តាលី និងសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់លោក Shinzo ABE អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ដែលផ្តួចផ្តើមគម្រោងនេះឡើង ក្នុងកិច្ចប្រជុំកំពូល ស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង និងសូមថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានឧបត្ថម្ភគាំទ្រដល់ដំណើរការនៃគម្រោងនេះ។

ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធាចារ្យ និងសិក្ខាកាម ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងសិក្សារៀនសូត្រពីវគ្គហ្វឹកហ្វឺន ដែលជាហេតុធ្វើឱ្យយើងអាចបិទវគ្គហ្វឹកហ្វឺនបានដោយជោគជ័យ។

លោកបានបន្តថា ការហ្វឹកហ្វឺន PKO TPP និង អ.ស.ប បានពង្រឹងបន្ថែមទៀតនូវសមត្ថភាពអនុវត្តបេសកកម្ម និងជំនាញ វិជ្ជាជីវៈរបស់កងកម្លាំងកម្ពុជា។

ទោះមិនមានវត្តមានផ្ទាល់ក្នុងពិធីក្តី លោក Atul Khare អគ្គលេខាធិការរងទទួលបន្ទុកកិច្ចគាំទ្រផ្នែកប្រតិបត្តិការ សម្រាប់ការបិទវគ្គហ្វឹកហ្វឺនការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់កម្រិតមធ្យម (HEE) ក្រោមគម្រោងត្រីភាគីរបស់អង្គការសហប្រជាជាតិ បានថ្លែងតាមរយៈវីដេអូថា ក្នុងនាមអង្គការសហប្រជាជាតិ ដោយថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ការគាំទ្រដ៏ធំធេងក្នុងការធ្វើជាម្ចាស់ផ្ទះ ចំពោះគំនិតផ្តួចផ្តើមរក្សាសន្តិភាពដ៏សំខាន់នេះ។

លោក Atul Khare ក៏សូមអំណរគុណចំពោះដៃគូគាំទ្រឥតឈប់ឈរ មានរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សម្រាប់ការផ្តល់យោធាចារ្យជំនាញ និងគ្រឿងចក្រដែលមានគុណភាពខ្ពស់ រដ្ឋាភិបាលអូស្ត្រាលី និងជប៉ុនជាអ្នកសង្កេតការណ៍ និងការរួមចំណែកផ្នែកថវិកាដ៏សប្បុរសរបស់ពួកគេ ព្រមទាំងបានអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះសិក្ខាកាមកម្ពុជាទាំងអស់ ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន ដែលបង្ហាញពីការយកចិត្តទុកដាក់បំផុតចំពោះប្រទេសជាតិ និងប្រតិបត្តិការសន្តិភាពពិភពលោក។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលដឹកនាំដោយនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី បានសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋកូរ៉េ អនុព័ន្ធយោធាកូរ៉េប្រចាំកម្ពុជា ក្នុងការរៀបចំទីតាំងហ្វឹកហ្វឺន សិក្ខាកាមចូលរួមសិក្សាបានដំណើរការដោយជោគជ័យតាមកម្មវិធីគ្រោងទុក។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបង្ហាញមោទនភាពបានធ្វើម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា អ.ស.ប កូរ៉េ ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព បានធ្វើឱ្យកងរក្សាសន្តិភាពកម្ពុជាទទួលបាននូវសមត្ថភាពលើជំនាញការប្រើប្រាស់គ្រឿងចក្រវិស្វកម្ម ធុនធ្ងន់ ព្រមទាំងទទួលបាននូវចំណេះដឹង បទពិសោធន៍រៀនសូត្រពីយោធាចារ្យនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតលើវិស័យរក្សាសន្តិភាព៕