(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលម៉ាស៊ីនទំនើបសម្រាប់ពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែក និងភាពស្រអាប់នៃទំរកែវភ្នែក និងម៉ាស៊ីនថតសរសៃបាតភ្នែក ( Ellex Tango SLT/YAG Laser and one set to DRS Cent revue fundus camera ) ពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្រ្តាលី ទំហំជាទឹកប្រាក់សរុបចំនួន ៧១,៣០០ដុល្លារ។

ពិធីប្រគល់នេះនិងទទួលបាន ធ្វើឡើងក្រោមអធិបតីភាពនាយកមន្ទីរពេទ្យ លោកសាស្ដ្រាចារ្យ ងី ម៉េង និងលោកសិត សំអាត មន្រ្តីប្រចាំប្រទេសរបស់អង្គការ Sight for All កម្ពុជា-ឡាវ។

លោកនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានថ្លែងថា ម៉ាស៊ីនដ៏ទំនើបចំនួនពីរគ្រឿងដែរទទួលបាននៅថ្ងៃនេះ គិតជាទឹកប្រាក់មានតម្លៃ ៧១,៣០០ដុល្លារ សម្រាប់ពិនិត្យព្យាបាលជំងឺទឹកដក់ក្នុងភ្នែក និងភាពស្រអាប់នៃទំរកែវភ្នែក ម៉ាស៊ីនថតសរសៃបាតភ្នែក។

ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ឧបករណ៍បរិក្ខារពេទ្យដ៏ទំនើបនេះនឹងបានចូលរួមចំណែកដ៏ធំមួយទៀត ក្នុងការជួយពិនិត្យសរសៃបាតភ្នែក និងព្យាបាលទឹកដក់ក្នុងភ្នែក ដល់អ្នកជំងឺភ្នែក។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ ងី ម៉េង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺភ្នែក ជាពិសេសជំងឺទឹកដក់ក្នុងភ្នែក និងសរសៃបាតភ្នែក សូមអញ្ជើញមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទទួលពិនិត្យ ព្យាបាលគ្រប់ប្រភេទ គ្រប់វ័យ និងទារកទើបនិងកើត។

សូមជម្រាបផងដែរថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានទទួលពិនិត្យនិងព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ទាំងកុមារ និងមនុស្សធំ ជារៀងរាល់ថ្ងៃធ្វើការ៕