(ភ្នំពេញ)៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង និងសហការី មន្រ្តីរាជការក្រោមឱវាទបានអញ្ជេីញចូលរួមក្នុង ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ស្ថិតក្នុងសង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ថ្លែងក្នុងពិធីបេីកបវេសនកាល លោកអភិបាលក្រុង បានសម្តែងនូវការកោតសរសេីរ ចំពោះលោកគ្រូ-អ្នកគ្រូ មាតា-បិតាអាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍វិស័យអប់រំ ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។

ក្នុងឆ្នាំសិក្សាថ្មីនេះ សូមផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាសិស្សល្អ ពលរដ្ឋល្អ មានចំណេះដឹង សម្រាប់ជាសសរទ្រូងប្រទេសជាតិ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ៕