(កែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយសាខា ក.ប.ប. ខេត្តកែប មន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលក្រុងកែប ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅទីតាំងផ្សារក្តាម ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣។
សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះដែរ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែបានណែនាំជាប្រចាំមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ក្នុងការធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តលើសំណាកគំរូចំនួន៥៤ ដែលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងសំណាកគំរូនោះទេ បន្ថែមពីនេះទៅទៀតមន្រ្តីជំនាញ ក៏បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារនៅតាមផ្ទះ និងតូបលក់ចំនួន ១៨ទីតាំង ដែលបានរកឃើញផលិតផលទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មិនមានភាពអនុលោម ឬខុសនឹងបទដ្ឋានព័ត៌មានចំរុះមានចំនួនប្រមាណ ៧គីឡូក្រាម សម្រាប់យកទៅកម្ទេចចោលនៅពេលក្រោយ។
លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានបិទផ្ទាំងរូបភាពអប់រំផ្នែកម្ហូបអាហារ ព្រមទាំងបានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូបអាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម៕