(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រការបន្តរៀបចំ​លំហាត់រួមរវាងកងទ័ពកម្ពុជា និងថៃ លើគ្រប់កម្រិត និងគ្រប់ប្រភេទទ័ព ដើម្បីរឹតចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការនានារវាងកងទ័ពប្រទេសទាំងពីរ។

ការគាំទ្រនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងគណៈប្រតិភូ ជួបសម្តែងការគួរសម នៅវិមានសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។

យោងតាមបណ្តាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួប លោក សុធីន ខ្លាំងសែង បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈ​ប្រតិ​ភូ ជួបសម្តែងការគួរសម។ លោករដ្ឋមន្ត្រីការពារជាតិថៃ ក៏បាននាំយក​ការសាកសួរសុខ​ទុក្ខពី​សំណាក់លោកនាយករដ្ឋមន្ត្រីថៃ ជូនសម្តេចធិបតី ប្រកបដោយមនោសញ្ចេតនាជិតស្និទ្ធ និងស្មារតីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាពិសេសលើវិស័យការពារជាតិ ឱ្យបានកាន់តែរឹងមាំថែមទៀត។

លោករដ្ឋមន្ត្រីការពារជាតិ ក៏បានបញ្ជាក់អំពីការគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការបន្តផ្តល់អាហារូបករណ៍​ដល់សិក្ខាកាមយោធាកម្ពុជាផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍រដ្ឋមន្ត្រីការពារជាតិថៃ និងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតី បានអរគុណដល់ភាគីមិត្តថៃ ដែលបន្តផ្តល់ការគាំទ្រដល់ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមបណ្តាយោធភូមិភាគ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននានា។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានគាំទ្រការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព ព្រមទាំងបាន​បញ្ជាក់​អំពីការគាំទ្រ​ដល់កិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នារវាងក្រសួងការពារជាតិប្រទេស​ទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរ អំពីការបន្តកិច្ចសហការជិតស្និទ្ធតាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា-ថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា សំដៅធានាបានតំបន់ព្រំដែនសន្តិភាពជូនប្រជាពលរដ្ឋទាំងពីរ ដែលកំពុងរស់នៅប្រកបការងារ និងធ្វើពាណិជ្ជកម្មផ្សេងៗប្រកបដោយសុខសុវត្ថិភាព៕