(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលរួមជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ និងសំណេះសំណាលជាមួយ លោកនាយក នាយករង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្តាល តាមកម្មវិធីដោយឡែកៗពីគ្នា និងដោយមានវត្តមានចូលរួមសរុបប្រមាណជាង ៣ ៤០០នាក់។

បន្ទាប់ពីអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ រួចមកបណ្ឌិត កៅ ថាច បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់លោគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ និងថ្លែងអំណរសាទរ ចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមទាំងអបអរសាទរ ចំពោះសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ កន្លងមកនេះ។

លោកបណ្ឌិតបានថ្លែងលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ព្រមទាំងចែករំលែកនូវវិធីសាស្រ្ត និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ ដើម្បីឱ្យសិស្សប្រឡងជាប់បានច្រើន ជាពិសេសជាប់និទ្ទេស A ច្រើន ដែលវិធីសាស្រ្ត និងបទពិសោធន៍ទាំងនោះរួមមាន៖

១. ត្រូវរៀបចំកាលវិភាគសម្រាប់សិក្សា ដោយក្នុងនោះត្រូវធ្វើការបែងចែកម៉ោងសិក្សា ឱ្យបានច្បាស់លាស់ ទាំងម៉ោងសិក្សានៅសាលា ម៉ោងសិក្សានៅផ្ទះ និងម៉ោងសម្រាប់ធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ដែលនឹងជួយបង្កើននូវបញ្ញាស្មារតី។

២. ក្រៅពីការសិក្សានៅសាលា ត្រូវសិក្សាបន្ថែមតាមអនឡាញ (APP) របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈយូធូប ឬវេបសាយ ក៏ដូចជាកម្មវិធីអបរំតាមទូរទស្សន៍។

៣. ធ្វើការរំលឹកមេរៀន ធ្វើលំហាត់ឱ្យបានច្រើនដង អានសៀវភៅឱ្យបានច្រើន។

៤. ត្រូវអនុវត្តតាមអង្គបួន តាមពុទ្ធឱវាទ គឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (កត់ត្រា) ដែលសម្រាយខ្លីមកហៅថា “សុ.ចិ.បុ.លិ.”។

៥. ត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់ផ្សេងៗ ពីអ្នកដែលចេះជាងយើង រួមមានមិត្តភ័ក្រ និងលោកគ្រូអ្នកគ្រូជាដើម ដូចពាក្យស្លោកខ្មែរបានពោលថា «ចង់ចេះឱ្យសម្លាប់អាចារ្យ បើចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់»។ល។

បន្ថែមលើនេះ លោកបណ្ឌិតបានណែនាំផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ឱ្យចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ និងល្បែងស៊ីសងគ្រប់ប្រភេទ និងបានសំណូមពរដល់លោកគ្រូអ្នកគ្រូ ជួយបណ្តុះបណ្តាលជំនាញទន់ ដល់សិស្សានុសិស្សបន្ថែម តាមរយៈបណ្តុះឥរិយាបទសិស្សឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ខ្ពស់ និងបណ្តុះស្មារតីសិស្ស ឱ្យចូលចិត្តលេងកីឡា ជួយការងារសង្គម ព្រមទាំងបណ្តុះសិស្ស ឱ្យមានភាពម្ចាស់ការលើខ្លួនឯង មានឯករាជ្យក្នុងសិក្សាស្រាវជ្រាវ។

ក្នុងឱកាសនោះដែរ បណ្ឌិត កៅ ថាច ក៏បាននាំយកនូវអំណោយដ៏ថ្លែថ្លា របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រួមមានសៀវភៅសរសេរ និងប៊ិក ឧបត្ថម្ភដល់សិស្សានុសិស្ស នៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្ត ដល់សិស្សជាប់និទ្ទេស A ទាំង ៥ នាក់ផងដែរ៕