(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ខាងមុខនេះ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធឆ្លងកុដិថ្មី និងដងទង់មួយគូរស្ថិតនៅវត្តពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំុ នៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០១៦ ដែលចំណាយថវិកាសរុបអស់ ៤៤,៣៥២ដុល្លារ និង ៤,៤៧៤,០០០រៀល ដែលជាថវិការបស់សប្បុរសជនក្នុងនិងក្រៅប្រទេស។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងទៀតថា ៧មករាឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា ធ្វើឲ្យព្រះពុទ្ធសាសនាកើតឡើងវិញ និងធ្វើឲ្យភាពថ្លៃថ្នូរក្នុងឋានៈជាមនុស្សកើតមានឡើងវិញផងដែរ ព្រមទាំងមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃ ហើយក៏ធ្វើឲ្យប្រទេសជាតិមានឋានៈស្មើមុខ ស្មើមាត់ ស្មើសិទ្ធិលើឆាកអន្តរជាតិ។
លោកស្រីបានបន្តថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចុះនូវនយោបាយឈ្នះៗនាដើមឆ្នាំ១៩៩៩ សម្រេចបានយ៉ាងជោគជ័យគួរជាទីមោទនៈ នូវសន្តិភាវូបនីកម្មប្រទេសជាតិទាំងមូល និងជោគជ័យក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បានធ្វើឲ្យជីវភាពប្រជាជនកម្ពុជាផ្លាស់ប្តូរពីឋានៈប្រទេសក្រីក្រ ទៅជាប្រទេសមានជីវភាពមធ្យមហើយត្រូវបានស្ថាបន័អន្តរជាតិធំៗ ពិនិត្យវាយតំលៃផ្តល់ពានរង្វាន់ជូនសម្តេចតេជោជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះផងដែរលោកស្រី ម៉ែន សំអន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ខិតខំអនុវត្តន៍អោយកាន់តែល្អថែមទៀត នូវសេវាសាធារណៈគ្រប់ប្រភេទ និងគោលនយោបាយភូមិឃុំមានសុវិត្ថភាពទាំង ៩ចំណុចផងដែរ៕