(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសរំលេចថា ថាមពលអគ្គិសនីស្អាត ដែល​ជាថាមពលបានមកពីកម្លាំងទឹក ព្រះអាទិត្យ និងខ្យល់ មិនត្រឹមតែជួយដល់បរិស្ថាន ភពផែនដី​ប៉ុណ្ណោះ​ទេ តែក៏បានរួមចំណែកទាក់ទាញការវិនិយោគមកកាន់កម្ពុជាផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃ​លើស្ថិត​ក្នុង​ស្រុក​ថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ រតនៈ បានលើកឡើងថា ថាម​ពលអគ្គិសនីស្អាត ក៏បានជាប់ពាក់ព័ន្ធដល់ដំណើរផលិតនូវផលិតផលនានាផងដែរ។

អគ្គិសនីមិនស្អាត ឬអគ្គិសនីបង្កផលប៉ះពាល់ដល់បរិស្ថាន ដល់ភពផែនដី កំពុងត្រូវបានពិភពលោករួមគ្នា​លុប​បំបាត់។ ក្នុងន័យនេះ ផលិតផលទាំងឡាយ ដែលផលិតដោយប្រើថាមពលអគ្គិសនីមិនស្អាត នឹងរង​សម្ពាធ​ពីអ្នកទិញផងដែរ។ ពួកនឹងគេមិនគាំទ្រ​លើ​ផលិត​ផល ដែលផលិតដោយថាមពលមិនស្អាតនោះ​ឡើយ ដើម្បីជាចំណែកជួយដល់យុទ្ធនាការការពារបរិស្ថាន ឬសង្គ្រោះភពផែនដី។ ក្រោមហេតុផលនេះ អ្នកផលិតទាំងឡាយ មុននឹងទៅវិនិយោគនៅប្រទេសណាមួយពួកគេក៏នឹងពិនិត្យលក្ខខណ្ឌនៃប្រភព​ថាម​ពល​​អគ្គិសនីផងដែរ។

លោក កែវ រតនៈ បានពន្យល់បែបនេះ «អ្នកវិនិយោគគាត់មានសម្ពាធពីអ្នកប្រើប្រាស់។ ឧទាហរណ៍​នៅ​ពេល​យើងផលិតខោអាវ ផលិតកង់ ផលិតស្បែកជើង នាំចេញទៅទីផ្សារពិភពលោក អ្នកប្រើប្រាស់​នៅ​ជប៉ុន នៅអាមេរិក នៅអាមេរិកកណ្តាល និងទ្វីបផ្សេងទៀត អ្នកប្រើប្រាស់ទាំងនោះចង់ចូលរួមចំណែក​ការ​ពារកម្តៅផែនដីកុំឱ្យឡើង។ ដូច្នេះគេចង់ទិញផលិតផលណា ដែលចេញពីថាមពលស្អាត»

ក្រោមនិន្នាការបែបនេះ លោក កែវ រតនៈ បានអះអាងថា គោលដៅកម្ពុជា ផលិតថាមពលស្អាត​ឱ្យបាន​៧០ភាគរយនៅឆ្នាំ២០៣០ នឹងរួមចំណែកដល់ការទាក់ទាញអ្នកវិនិយោគកាន់កម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ «បើកម្ពុជាយើងរុញថាមពលស្អាតឱ្យដល់៧០ភាគរយ នេះជាក្តី​សង្ឃឹម​ថ្មី។ មានន័យថា ជាការទាក់ទាញវិនិយោគឱ្យមកផលិតនៅកម្ពុជា ពីព្រោះបើអ្នកផលិតទៅប្រទេស​ដែល​ប្រើថាមពលមិនស្អាតច្រើន គេអត់ចង់ទិញ ការធ្វើទីផ្សារលំបាក។ ដូច្នេះហើយទើបប៉ុន្មានឆ្នាំនេះ ដោយសារថាមពលយើងស្អាតដល់៦២ភាគរយរួចហើយ អ៊ីចឹងហើយបានយើងឃើញថា រោងចក្រកាត់ដេរច្រើនណាស់កំពុងបន្តវិនិយោគនៅកម្ពុជា»

សូមបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២២ កម្ពុជា អាចផលិតថាមពលអគ្គិសនីបានរហូតដល់ទៅ ៤,៤៩៥.៤២មេហ្គាវ៉ាត់។ ក្នុងនោះ ៦២ភាគរយជាថាមពលស្អាត បានមកពីវារីអគ្គិសនី និងពន្លឺព្រះអាទិត្យ៕