(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដែលបានស្ម័គ្រចិត្ត ផ្លាស់ប្ដូរទីលំនៅពីប្រឡាយព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ទៅតាំងទីលំនៅថ្មី នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយពីសប្បុរសជន តាមរយៈលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងក្រុមការងារយកទៅចែកជូនដោយផ្ទាល់ដៃ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តទៅរស់នៅលើទីតាំងថ្មីនេះ លោកអភិបាលខណ្ឌ បានសន្យាថា នឹងរៀបចំប្រព័ន្ធទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ ដោយធ្វើជាផ្លូវបេតុង ហើយទៅថ្ងៃខាងមុខ នឹងរៀបចំបំពេញបែបបទបង្កើតជាភូមិថ្មីមួយ។ សូមជឿទុកចិត្តមកលើអាជ្ញាធរចុះ អាជ្ញាធរខណ្ឌ មិនបោះបង់ចោលឡើយ ហើយបន្តជួយទៅមុខទៀត សូមកុំជឿតាមការញុះញង់ឃោសនា បង្កាច់បង្ខូច ពីសំណាក់ជនអគតិមួយចំនួន ដែលបំភ្លៃការពិត។

លោកអភិបាលខណ្ឌបានបន្តថា ទីតាំងថ្មីដែលបងប្អូនស្ម័គ្រចិត្តមករស់នៅនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌ បានស្នើទៅលោកអភិបាលរាជធានីភ្នំពេញ បន្ទាប់មកលោកអភិបាលរាជធានីភ្នំពេញ ក៏បានឯកភាពឲ្យរៀបចំទីតាំងនេះ ដោយបែងចែកជាឡូតិ៍ជូនដល់ប្រជាពលរដ្ឋ ហើយលោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើទៅប្រមុខរាជរដ្ឋាភិបាល ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចជាគោលការណ៍រៀបចំឲ្យបង្កើតឡើងជាបន្ទាន់ នឹងរៀបចំធ្វើប្លង់កម្មសិទ្ធិជូនបងប្អូនឲ្យស្របច្បាប់តែម្ដង។

បន្ទាប់ពីលោកអភិបាលខណ្ឌ បញ្ជាក់ច្បាស់ៗបានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំទីតាំងលំនៅឋានថ្មី និងមានប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យស្របច្បាប់៕