(បន្ទាយមានជ័យ)៖ មន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យចំនួន៣៤នាក់ បានប្តឹងតវ៉ាទៅកាន់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្​ម និងសំណង់ ពីរឿងប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យលោក អាង ណារិទ្ធ ថាជាបុគ្គលគ្មានសីលធម៌ គ្មានគុណធម៌ គ្មានភាពជាអ្នកដឹកនាំ និងមានចរិតឆេវឆាវ គំរាមកំហែង សម្ដីអសុរោះជាដើម។

ការតវ៉ានេះធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ។ មន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យទាំង៣៤នាក់ បាននាំគ្នាផ្តិតមេដៃដាក់ពាក្យប្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើសុំឲ្យលោកដកតំណែងលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យ ព្រោះចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន លោក អាង ណារិទ្ធធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តការងារ ដូចជា គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមកំហែង សម្ដីអសុរោះ ប្រមាថមាក់ងាយដល់អ្នកក្រោមឱវាទទាំងអស់ និងអែបអបសម្ដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសជាដើម។

មន្ត្រីមន្ទីររៀបចំដែនដីទាំង៣៤នាក់ បានបញ្ជាក់ក្នុងពាក្យបណ្តឹងនោះទៀតថា លោក អាង ណារិទ្ធ កន្លងមកបុគ្គលរូបនេះចូលចិត្តអត្តនោម័តតែម្នាក់ឯង កាត់ប្រាក់រង្វាន់មន្ត្រីក្របខណ្ឌនៃមន្ទីរដែលបម្រើចុះបញ្ជីដីធ្លី មានលក្ខណៈ ជាប្រព័ន្ធ ដោយនិយាយថា ពួកគាត់ចុះវាល់ដីនេះច្បាស់ជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋម្ចាស់ដីពុំខានឡើយ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រីក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លើការងារចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធយ៉ាងខ្លាំង។

ម្យ៉ាងទៀតលោក អាង ណារិទ្ធ ប្រសិនបើមានកំហឹងទៅលើមន្ត្រីក្រោមឱវាទណាហើយ គឺបោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រីទាំងនោះ។ ចំពោះថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹកតំបន់៣ នៃទន្លេសាប ក្នុងភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាលើដីធ្លីបានលុយចែកឲ្យមន្ត្រីចុះអនុវត្តផ្ទាល់តិចតួចបំផុត។

ក្នុងនោះលោកបានឲ្យប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់បែបបទប្រមូលទិន្នន័យក្បាលដីក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត ហ់យថែមទាំងឱ្យប្រជាពលរដ្ឋបង់លុយចំនួន១០០ដុល្លារ លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួសដីកាអមលើកទី១ដែលអស់សុពលភាព។

បើតាមមន្រ្តីទាំងនោះ, លោក អាង ណារិទ្ធ ពុំមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបម្រើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុសឲ្យមន្ត្រីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខា នៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិជូនអនុប្រធានមន្ទីររួចហើយ ហើយមានមោទនភាពថាខ្លួនសកម្មនឹងការងារ។ ការបំបែកក្បាលពីក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិន ទើបអាចបំបែកក្បាលដីនោះបាន ប្រសិនបើចរចាគ្នាមិនត្រូវទេមិនអនុញ្ញាតឲ្យបំបែកក្បាលដីនោះឡើយ។

មន្ត្រីមន្ទីររៀបចំដីដែនដីទាំង៣៤នាក់នោះ បានបញ្ជាក់ក្នុងពាក្យបណ្តឹងទៀតថា ការណ៍ដែលលោក អាង ណារិទ្ធ ធ្វើយ៉ាងនេះធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើការដោះស្រាយរបស់មន្ទីរដែនដីខេត្ត និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងខ្លាំងទៀតផង។

មន្ត្រីក្រោមឱវាទបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អស់រយៈពេល៥ឆ្នាំកន្លងមក ទោះបីជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនយ៉ាងណាក៏ដោយក៏លោក អាង ណារិទ្ធ នៅតែមិនពេញចិត្ត ខុសបន្ទោសរហូត ដែលបណ្ដាលឲ្យមន្ត្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចតស៊ូទ្រាំចំពោះទង្វើទាំងអស់របស់លោក អាង ណារិទ្ធ នេះលែងបានតទៅទៀត។ ហេតុដូច្នេះទើបមន្ត្រីសុរិយោដី៣៤នាក់ សម្រេចចិត្តប្តឹងចូលមក លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង ណារិទ្ធ ចេញពីប្រធានសុរិយោដីពីខេត្តបន្ទាយមានជ័យ ដោយអនុគ្រោះផង។

ទាក់ទិនករណីនេះ លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ថា ពិតជាមានករណីមន្ដ្រីប្ដឹងតវ៉ាប្រាកដមែន ហើយរឿងរ៉ាវនេះថ្នាក់ដឹកនាំកំពុងបន្ដតាមនីតិវិធី៕