(អេមីរ៉ាតអារ៉ាប់រួម)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកា Fortune Global Forum 2023 និងបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ «ការធ្វើសកលភាវូបនីកម្ម និងពាណិជ្ជកម្មនាពេលអនាគត ÒGLOBALIZATION AND THE FUTURE OF TRADE» រួមជាមួយ លោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលជាសហវាគ្មិន ក្នុងវេទិកា។

ក្នុងកិច្ចពិភាក្សានៅថ្ងៃតី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រីរដ្ឋមន្ដ្រី ចម និម្មល បានលើកឡើងអំពីវឌ្ឍនភាព និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងអំពីសារៈសំខាន់ នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មនៅក្នុងតំបន់ និងសកល ជាពិសេសភាពចាំបាច់ក្នុងការតភ្ជាប់តំបន់អាស៊ាន និងឈូងសមុទ្រ (Gulf Cooperation Council) ដែលជាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់នវានុវត្តន៍ជាដើម។

រដ្ឋមន្ត្រីទាំងពីររូប បានលើកឡើងអំពីសុទិដ្ឋិនិយមខ្ពស់ ចំពោះសក្តានុពលដែលនឹងទទួលបានពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ Cambodia-UAE CEPA ហើយបានកត់សម្គាល់រួមគ្នាអំពី តួនាទីរបស់ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល បរិស្ថាន ការប្រកួតប្រជែង ការអភិវឌ្ឍសមត្ថភាពយុវជន និងការសម្របខ្លួនទៅនឹងបដិវដ្តកម្មបច្ចេកវិទ្យាដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

កម្ពុជានឹងមានលទ្ធភាព ក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀត ក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង ដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗ របស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

ទន្ទឹមគ្នានេះកម្ពុជា អាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាព ដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ៕