(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានមូលនិធិ ម៉េងលី ជេ.គួច បានឧបត្ថម្ភថវិកា ចំនួន ៤លានរៀល ដល់សហគមន៍ចាប៉ីអមតៈ និងបានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស ដែលចង់រៀនជំនាញអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រខ្មែរ និងសិល្បៈទៀតផង។

ការឧបត្ថម្ភ និងការប្រកាសរបស់លោក បានធ្វើឡើងពេលសហគមន៍ចាប៉ីអមតៈ ដឹកនាំសិល្បករចាប៉ីដងវែងចំនួន២៣នាក់ មកពីគ្រប់ខេត្តក្រុង រៀបចំកម្មវិធី «តន្រ្តីចាប៉ីភូមិខ្ញុំ» នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីអបអរសាទរខួប៧ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រៅពីការអបអរខួប៧ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិរបស់អង្គការយូណេស្កូ កម្មវិធីនេះក៏បានផ្សព្វផ្សាយពីទម្រង់ចាប៉ីដងវែងទៅកាន់មហាជន តាមរយៈការធ្វើបទបង្ហាញ ការសម្តែងចាប៉ីដងវែងពីសិល្បករនិងសិស្សបន្តវេនជំនាន់ថ្មីផងដែរ។ ពិសេសបង្ហាញពីការផ្សារភ្ជាប់សិល្បៈចាប៉ីដងវែងទៅនឹងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ ដែលរស់នៅក្នុងតំបន់ភូមិស្រុកនានាក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏មានការតាំងពិព័រណ៍សៀវភៅ ពិព័រណ៍ផលិតផល និងទស្សនីយភាពដ៏រីករាយជាច្រើនពីការប្រគុំតន្ត្រីដោយប្រើចាប៉ីដងវែង ដែលសព្វថ្ងៃអាចយកមកប្រើបានច្រើនទម្រង់ក្នុងវង់តន្ត្រីខ្មែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្តែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំកម្មវិធីនេះឡើង បើទោះបីខ្ញុំពុំសូវមានជំនាញ ចំណេះខាងសិល្បៈមួយនេះក៏ពិតមែន ប៉ុន្តែខ្ញុំនឹងប្រកាន់ជំហគាំទ្រ ចូលរួមថែរក្សា លើកស្ទួយគ្រប់សកម្មភាពសីលធម៌ សិល្បៈ វប្បធម៌ប្រពៃណីរបស់ខ្មែរ»

បន្ថែមពីនោះ អ្នកឧកញ៉ាក៏បានបង្ហាញអំពីឆន្ទៈក្នុងការជួយដល់យុវជនខ្មែរជំនាន់ក្រោយ ដែលមានបំណងចាប់យកជំនាញអក្សរសាស្ត្រខ្មែរ ប្រវត្តិសាស្ត្រខ្មែរ ពិសេសគឺជំនាញសិល្បៈពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិតអាចស្នើសុំអាហារូបករណ៍ពីមូលនិធិ ម៉េងលី ជេ. គួច បាន។ អ្នកឧកញ៉ាក៏មិនភ្លេចដែរ ក្នុងការឧបត្ថម្ភគាំទ្រដល់សហគមន៍ចាប៉ីអមតៈចំនួន៤លានរៀល ដើម្បីជួយទ្រទ្រង់សហគមន៍សិល្បៈមួយនេះឱ្យកាន់តែរីកចម្រើន ទុកជាមរតកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយបានស្គាល់ពីតម្លៃនៃចាប៉ីដងវែង ដែលមានប្រវត្តិពីដូនតាមកហើយ៕