(ភ្នំពេញ)៖ ក្រុមយុវជនទំពាំងស្នងឫស្សី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីដាំដើមឈើនៅបឋមសិក្សាក្រាំងពង្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ពិធីនេះបានធ្វើឡើង ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ សភាសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនេះដែរ តំណាងយុវជនទំពាំងស្នងឫស្សី បានលើកឡើងថា «ការដាំកូនប្រមាណជាង២០០ដើមនាពេលនេះ ធ្វើឡើងក្នុងន័យគិតគូរពីបញ្ហាបរិស្ថានពេលបច្ចុប្បន្ន និងនៅពែលអនាគត ជាពិសេសដើម្បីឲ្យប្រទេសជាតិយើងមានគម្របព្រៃ ដើម្បីប្រយោជន៍សម្រាប់មនុស្សជាតិផង និងសម្រាប់ជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដែលផ្ដើមចេញពីវាគ្មិនទំពាំងស្នងឫស្សីរបស់យើង»។
តំណាងយុវជនទំពាំងស្នងឬស្សី បានបន្ថែមថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ ធ្វើជាយុវជន មិនត្រូវចាំតែរិៈគន់សង្គម នឹងមើលបំណាំសង្គមនោះទេ តែត្រូវចាប់ផ្តើមធ្វើ និងការចូលរួមចំណែកជាមួយសង្គម តាមរូបភាពដែលអាចធ្វើបាន។
បន្ថែមពីនេះ ក្រុមយុវជនទំពាំងស្នងឫស្សី ក៏បានចែករំលែកបទពិសោធន៍នៃការសិក្សាដល់ ក្មេងសិស្សានុសិស្ស ដែរបានចូលរួមផងដែរ និងណែនាំក្មេងចេះស្រលាញ់ការសិក្សា ជៀសឆ្ងាយពីគ្រឿងញៀន។
ជាងចុងបញ្ចប់នៃកម្មវិធី ក្រុមយុវជនទំពាំងស្នងឬស្សី សហការជាមួយ ស.ស.យ.កខណ្ឌ ខណ្ឌរដ្ឋបាលព្រៃឈើ ក្រុមហ៊ុនមីងហួរគ្រុប បានចែកជូនអំណោយជា ថវិកា សៀវភៅ ប៊ិច ដល់ប្អូន និងថតរូបទៅជាអនុស្សាវរីយ៍ ព្រមទាំងទទួលទានអាហារសាមគ្គី ដើម្បីបង្កើនចំណងមិត្តភាពផងដែរ។
សូមបញ្ជាក់ថា ក្រុមយុវជនទំពាំងស្នងឫស្សីត្រូវបានបង្កើតឡើង ដោយការបោះឆ្នោតជ្រើសរើស ពីយុវជន ក្នងសង្កាត់ ខណ្ឌ និងតាមមន្ទីរ ក្រសួង ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុមយុវជននេះ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត ដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕