(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មហិច្ឆតាប្រែ​ក្លាយ​កម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មិនអាចទទួលបានជោគជ័យនោះឡើយ ប្រសិន​បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មានចំណេះដឹង និងចរិតល្អប្រសើរទេនោះ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើក​ឡើង​ថា ក្នុងដំណើរដ៏វែងឆ្ងាយលើការប្រែក្លាយកម្ពុជាពីប្រទេសវិនាសហិនហោចដោយសារសង្គ្រាម ទៅជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ មនុស្ស គឺជាសមាសធាតុសង្គម និងសេដ្ឋកិច្ចដ៏សំខាន់​បំផុត​ដែល​មិន​អាចខ្វះបាន។ ក្នុងនោះ មូលធនមនុស្សដែលមានគុណភាពខ្ពស់ និង​សុខភាពល្អ គឺជា​ទ្រព្យសកម្ម​របស់​ជាតិ និងរឹងមាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «បើគ្មានមូលធនមនុស្ស ដែលមានសុខភាពរឹងមាំ មាន​ចំណេះដឹង និងមាន​ចរិតល្អប្រសើរនោះទេ មហិច្ឆតាបានត្រឹមតែជាក្តីស្រមៃ ហើយមិនអាចក្លាយទៅជាការ​ពិត​នោះឡើយ»

នៅក្នុងនីតិកាលចាស់ និងនីតិកាលថ្មី រាជរដ្ឋាភិបាលកម្ពុជា បានគំណត់គោលដៅប្រែក្លាយសេដ្ឋកិច្ច ទៅ​ជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (ប្រជាពលរដ្ឋមានចំណូលមធ្យមប្រចាំឆ្នាំចន្លោះ ៤,០៣៦ដុល្លារ ដល់ ១២,៤៧៥ដុល្លារ) និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (ប្រជាពល​រដ្ឋ​មាន​ចំណូលមធ្យមប្រចាំឆ្នាំចាប់ពី ១២,៤៧៦ដុល្លារឡើងទៅ)។

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់យក​ឆ្នាំ​២០២៣នេះ ជាមូលដ្ឋាននៃដំណើររបស់ខ្លួនក្នុងការឈានឆ្ពោះទៅកាន់គោលដៅទាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាន​កំណត់វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យ​សុខា​ភិបាល​​​ជាវិធាន​ការ​មុតស្រួច ជាក់លាក់ និងប្រាកដ​និយម ដើម្បីអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ដែល​រាំងស្ទះកន្លងមក សម្តៅកសាងមូលធនមនុស្ស កម្ពុជាមួយដែលមានសុខភាពល្អ បរិបូរណ៍ មាន​ចំណេះ​ដឹង ជំនាញ​ល្អ​ប្រសើរ ហើយថែមទាំងមាន​ភាពជា​ពល​រដ្ឋប្រកបដោយសីលធម៌ សុជីវធម៌ គុណ​ធម៌ ដែលអាចជំរុញ​សម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ បានដោយជោគជ័យ។

វិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា និង​សុខា​ភិបាល កំពុងត្រូវបានអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតដោយក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងសុខាភិបាល។ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តន៍វិធានការគន្លឹះលើវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានបង្កើត​គណៈកម្មាធិការជាតិ​ជំរុញការអនុវត្តវិធានការគន្លឹះទាំងពីរនេះ ដែលមានសម្តេចធិបតីនាយក​រដ្ឋ​មន្ត្រី ជា​ប្រធានផ្ទាល់តែម្តង។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ វឌ្ឍនភាពជាច្រើនលើការអនុវត្តន៍វិធានការគន្លឹះទាំងពីរនេះ ត្រូវបានលើកបង្ហាញដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕