(ភ្នំពេញ)៖ លោក ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់កុមារមណ្ឌលថែទាំកុមារ ទាំង១៦របស់អង្គការ សមាគមជាដៃគូចំនួន១២។

ដើម្បីធានាបានឧត្តមប្រយោជន៍ និងសិទ្ធិជាមូលដ្ឋានរបស់កុមារចំពោះកុមារនៅក្នុងមណ្ឌល និងនៅតាមសហគមន៍ ក្រសួងសង្គមកិច្ច បានដាក់ឲ្យអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ នៅឆ្នាំ២០០៦ក្នុងទិស ដៅការពារ សិទ្ធិរបស់កុមារ និងធានាការអភិវឌ្ឍន៍ ផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី យូរអង្វែងរបស់កុមារកំព្រា និងកុមារ ងាយរងគ្រោះផ្សេងៗ។

ទន្ទឹមគ្នានេះក្រសួង បានចេញប្រកាសស្តីពីបទដ្ឋានអប្បបមារសម្រាប់ការថែទាំកុមារ ក្នុងមណ្ឌល២០០៦ ដើម្បីកំណត់អំពីលក្ខខណ្ឌនៃការបង្កើតមណ្ឌល ការគ្រប់គ្រងមណ្ឌល និងការថែទាំកុមាររស់នៅក្នុងមណ្ឌល ដែលស្ថិតនៅកម្ពុជា និងប្រកាសស្តីពីបទដ្ឋាន អប្បបមារសម្រាប់ការថែទាំជំនួសចំពោះកុមារនៅតាមសហគមន៍២០០៨ ក្នុងគោលបំណង និងដាក់ឲ្យអនុវត្តបទដ្ឋានអប្បបមារសម្រាប់ការថែទាំជំនួសចំពោះកុមារនៅតាម សហគមន៍ដែលឧបត្ថម្ភគាំទ្រដោយស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននៅកម្ពុជា។

លោកបានបញ្ជាក់ថា សារៈសំខាន់នៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលទាំង១៦ក្នុងគោលបំណង គឺ ១.ទប់ស្កាត់ ការបើកមណ្ឌលដែលគ្មានគុណភាព និងអាណាធិបតេយ្យ ២.ទប់ស្កាត់ការរំលោភបំពានកុមារ ៣.ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ៤.អាចត្រួតពិនិត្យបាននូវឥរិយាបថរបស់អ្នកថែទាំកុមារ ៥.គ្រប់គ្រងបាននូវប្រភពហិរញ្ញវត្ថុរបស់អង្គការ។

លោកបានបញ្ជាក់បន្ថែមទៀតថា ការផ្តល់អនុញ្ញាតឲ្យបើកមណ្ឌលដំណើរការថែទាំកុមារ គឺមានតែក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែមួយគត់ដែលជាស្ថាប័នសមត្ថកិច្ច ហើយមណ្ឌលថែទាំមិនបានទទួល ស្គាល់ទេ គឺមណ្ឌលថែទាំទាំងនោះគឺជាមណ្ឌលខុសច្បាប់ទាំងអស់ជាក់ស្តែងថ្ងៃនេះមានអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលចំនួន១២ ដែលមានមណ្ឌលថែទាំកុមារ សរុប១២ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕