(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន១៣រូប ទៅចូលរួមសន្និបាតហាឡាលថៃ លើកទី១០ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និសីទនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសារៈសំខាន់ក្នុងការជួយពង្រឹងវិស័យផលិផលហាឡាលកម្ពុជា ដែលជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក ស្ថាប័នហាឡាលថៃចំនួន៣ បានរួមគ្នារៀបចំសន្និបាតហាឡាលថៃ ដើម្បីអញ្ជើញស្ថាប័នហាឡាល នៅបណ្តាប្រទេសតំបន់អាស៊ាន និងពិភពលោក មកចែករំលែកបទពិសោធន៍ និងភាពរីកចម្រើនរបស់ខ្លួន។
សិន្នបាតហាឡាលថៃឆ្នាំនេះ ក្រោមប្រធានបទគំនិតផ្តួចផ្តើម នៃឌីជីថលហាឡាល ដើម្បីជំរុញទំនុកចិត្តហាឡាល និងមានគោលបំណងធានាថាគុណភាព នៃផលិតផលហាឡាល ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកសាងទំនុកចិត្តក្នុងប្រព័ន្ធអេកូហាឡាល ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្ម ប្រកបដោយតម្លាភាព។
សន្និបាតហាឡាលថៃនេះ រៀបចំដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល នៃសាកលវិទ្យាល័យជុឡាលុងកន (HSC-CU) សហការជាមួយវិទ្យាស្ថានស្តង់ដារហាឡាលថៃ (HSIT) នៅទីក្រុងបាងកក ប្រទេសថៃ។ សន្និបាតនេះ នឹងមានការរៀបចំសន្និសីទចំនួន៣ មានដូចជា ១៖ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រហាឡាលអន្តរជាតិ ឆ្នាំ២០២២ (IHSATEC), ២៖ សន្និសីទធុរកិច្ច វិទ្យាសាស្ត្រ និងឧស្សាហកម្មហាឡាលលើកទី១៦ (HASIB) និង៣៖ សន្និសីទស្តង់ដារ និងវិញ្ញាបនបត្រហាឡាលអន្តរជាតិលើកទី៩ (IHSACC)៕