(សៀមរាប)៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើដំណើរទស្សនកិច្ចនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ​​ក្នុងគោលបំណងបង្កើនការយល់ដឹងសម្រាប់គាំទ្រដល់ការធ្វើដំណើររបស់ទេសចរ ធុរជន និងមន្ត្រីផ្លូវការរបស់អាមេរិកមកកាន់កម្ពុជា។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានធ្វើជាតំណាងរបស់បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៉ីវិល ទទួលដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសម្ពាធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕