(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយវិទ្យាស្ថាន Korean Institute of Aids to Navigation (KATON) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទបញ្ចប់ជំហានទី១ នៃគម្រោងកសាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា (Final Ceremony of the Cambodia Inland Waterway Aids to Navigation Master Plan Project) ដែលគម្រោងមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រតិបត្តិការនាវាចរ និងអ្នកដំណើរនៅតាមដងទន្លេមេគង្គ និងតំបន់ឆ្នេរក្នុងប្រទេសកម្ពុជា។

ពិធីបិទបញ្ចជប់នេះដែរបានធ្វើឡើងសណ្ឋាគារ Sofitel Phnom Penh Phokeethra ក្រោមអធិបតីភាពលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីតំណាងវិទ្យាស្ថាន Korean Institute of Aids to Navigation រួមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសគ្រប់គ្រងគម្រោងដែលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ លោក រស់ វណ្ណា បានឱ្យដឹងដែរថា ផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រតិបត្តិការ នាវាចរ និងអ្នកដំណើរនៅតាមដងទន្លេមេគង្គ និងតំបន់ឆ្នេរនៅកម្ពុជា។ ជំនួយសម្រាប់ប្រព័ន្ធនាវាចរណ៍បាននិងកំពុងជួយដល់កម្ពុជា ក្នុងការបង្កើនសក្តានុពលពាណិជ្ជកម្មរបស់ខ្លួន ខណៈទន្លេនឹងក្លាយជាកន្លែងដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ និងសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន លោក រស់ វណ្ណា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ សម្រាប់ការផ្តល់ជំនួយទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោង «the development of Aids to Navigation Master plan in Cambodia» តាមរយៈជំនួយការហិរញ្ញវត្ថុសាធារណៈរដ្ឋកូរ៉េ Republic of Korea-ODA financial assistant។

លោកបានបន្ថែមទៀតថា ការគាំទ្រដ៏អស្ចារ្យនេះពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ដែលបានផ្ដល់ឱ្យយើងចំពេលវេលាល្អ ហើយក៏បំពេញតាមតម្រូវការចាំបាច់របស់យើងផងដែរ ព្រោះ Aids to Navigation គឺជាគម្រោងអាទិភាពកំពូលមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឱ្យមានភាពកាន់តែទូលំទូលាយ រឹងមាំ និងការគាំទ្រយូរជាងនេះពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសសាធារណរដ្ឋកូរ៉េ (កូរ៉េ) តាមរយៈក្រសួងមហាសមុទ្រ និងនេសាទ (MOF)។

បន្ថែមពីនេះលោក រស់ វណ្ណា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សាធារណរដ្ឋកូរ៉េ ក្រសួងមហាសមុទ្រ និងនេសាទ រួមទាំងវិទ្យាស្ថាន Korean Institute of Aids to Navigation (KATON) នឹងពិចារណាសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុបន្ថែមទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈដំណាក់កាលបន្ទាប់នៃគម្រោងនេះ និងផ្សេងៗទៀត ពាក់ព័ន្ធផ្លូវទឹក ការដឹកជញ្ជូនតាមសមុទ្រ និងគម្រោងកំពង់ផែក្នុងប្រទេសកម្ពុជា។

លោក រស់ វណ្ណា ក៏បានថ្លែងអំណរគុណចំពោះក្រុមអ្នកជំនាញកូរ៉េ សម្រាប់ការខិតខំធ្វើការសម្របសម្រួល និងការគាំទ្រដោយរលូន ហើយបើគ្មានកិច្ចសហប្រតិបត្តិការល្អនៃក្រុមការងារទាំងពីរទេ នឹងមិនអាចសម្រេចបានជោគជ័យនេះឡើយ៕