(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី Woo KyoungSuk អគ្គនាយករងគោលនយោបាយកិច្ចការបរទេស ក្រសួងការពារជាតិកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កិច្ចពិភាក្សានេះបានផ្តោតសំខាន់ទៅលើវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-អសប-កូរ៉េ ដែលបាននឹងបិទបញ្ចប់ដោយជោគជ័យនាពេលខាងមុខនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់របស់លោក Woo KyoungSuk និងបាននាំយកពាក្យពេចន៍សួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា វគ្គហ្វឹកហ្វឺនត្រីភាគី កម្ពុជា-អសប-កូរ៉េ បានដំណើរការ៦សប្តាហ៍ដោយជោគជ័យ ដោយនឹងបិទបញ្ចប់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ត្រី Woo KyoungSuk បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅវត្តមានមកដល់របស់លោក។ ទន្ទឹមនោះ លោកក៏បានអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើវគ្គហ្វឹកហ្វឺនត្រីភាគី TPP ប្រកបដោយប្រសិទ្ធិភាព។ ឧត្តមសេនីយ៍ត្រីបានលើកឡើងថា ការបិទវគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់ និងអត្ថន័យធំធេងណាស់ ដែលវាបង្ហាញពីទំនាក់ទំនងរវាងត្រីភាគី កម្ពុជា-អសប-កូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព។

ឧត្តមសេនីយ៍ត្រី Woo KyoungSuk បានបន្ថែមថា កម្ពុជា បានបញ្ជូនកងកម្លាំងជាច្រើនទៅតំបន់បេសកកម្ម ហើយបច្ចុប្បន្ន កូរ៉េ ក៏បានចល័តកម្លាំងទៅសាធារណរដ្ឋលីបង់ និងស៊ូដង់ខាងត្បូងផងដែរ។ ឧត្តមសេនីយ៍ត្រី Woo KyoungSuk សង្ឃឹមថា កម្លាំងកម្ពុជា និងកូរ៉េ នឹងប្រគៀកស្មារគ្នាក្នុងប្រតិបត្តិការរក្សាសន្តិភាព។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ត្រី Woo KyoungSuk រំពឹងថា ប្រទេសទាំងពីរ នឹងបន្តទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ ជាពិសេសពង្រីក និងពង្រឹងការហ្វឹកហ្វឺនវិស្វកម្ម រួមទាំងឈានទៅដល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីនផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា កម្ពុជា-កូរ៉េ មានទំនាក់ទំនងល្អជាមួយគ្នាយូរលង់ណាស់មកហើយ។ នាយឧត្តមសេនីយ៍ ជឿជាក់ថា ប្រទេសទាំងពីរ នឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរទៅមុខទៀត៕