(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី-ខេត្ត ចាត់តាំងបង្កើត ក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើសំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។

ការប្រកាសខាងលើនេះ បានធ្វើឡើងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយពិនិត្យ និងពិភាក្សាលើ​របៀបវារៈសំខាន់ៗមួយចំនួន នៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្រុមការងារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា គោលនយោបាយអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ៕